ផ្ទុះអាវុធ២គ្រាប់ បណ្ដាលឲ្យមនុស្សម្នាក់កំពុងជិះម៉ូតូតាមផ្លូវរបួសដៃ នៅទល់មុខវិទ្យាល័យទួលស្វាយព្រៃ
រាជធានីភ្នំពេញៈ ៖ បុរស២នាក់មិនដឹងថា ជាមានរឿងអ្វីនោះទេ គឺបានជិះម៉ូតូ២គ្រឿង មកបាញ់គំរាមក្រុមតៃកុងឡានមួយក្រុម បណ្តាលឲ្យខ្ទាតអំបែង ទៅត្រូវអ្នកដំណើរម្នាក់ បណ្តាលឲ្យរងរបួសស្រាល ហេតុការណ៍នេះបានបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ទុល់មុខវិទ្យាល័យទួលស្វាយព្រៃ ផ្លូវ១៩៩ កែងនិងផ្លូវ៣៦៦ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង ។

តាមសម្តីបុរសម្នាក់ឈ្មោះ ហេង ចាន់តារា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បានបើករថយន្តមួយគ្រឿងទៅសណ្តោងរថយន្ដមួយគ្រឿងទៀត ដែលខូច នៅម្តុំសណ្ឋាគារអ៊ីនធឺកុងទីណង់តាល់យកមកកន្លែងនៅម្តុំ វិទ្យាល័យទួលស្វាយព្រៃ ហើយខណៈរូបគេសណ្តោងរថយន្ដមកដល់កន្លែងកើតហេតុនោះ ក៍ស្រាប់តែមានបុរស២នាក់ បានជិះម៉ូតូចំនួន២គ្រឿង ដោយមួយគ្រឿងម៉ាកស្កុបពី និងមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម បានជិះមកឈប់ រួចហើយបុរសម្នាក់ដែលជិះម៉ូតូស្កុបពីបានដកកាំភ្លើងខ្លី មិនស្គាល់ម៉ាក បាញ់ឡើងទៅលើមេឃមួយគ្រាប់ គំរាមពួកគេ ដោយមិនដឹងមូលហេតុ ហើយបន្តិចក្រោយមក ក៏បុរសខ្មាន់កាំភ្លើងក៏បានបាញ់ភ្ជុចដីមួយគ្រាប់ទៀត បណ្តាលឲ្យខ្ទាតអំបែង ទៅត្រូវអ្នកដំណើរម្នាក់ បណ្ដាលអោយរបួសដៃស្រាល ហើយភ្លាមៗនោះជនបង្កទាំង២នាក់ ក៍បានជិះម៉ូតូគេចខ្លួនបាត់អស់តែម្ដងទៅ ។ ហើយពេលនោះដែរជនរងគ្រោះ ដែលរងរបួសដៃបន្តិច ក៍បន្តដំណើរទៅមុខជាបន្តទៀតបាត់ទៅ ។
ក្នុងហេតុការណ៍នេះដែរ បន្តិចក្រោយមក ឃើញមានកម្លាំងសមត្ថកិច្ច មូលដ្ឋានបានចុះទៅកន្លែងកើតហេតុ រួចក៍បានរកឃើញសំបក កន្ទុះចំនួន២គ្រាប់ តែមិនទាន់ដឹងថា ជាគ្រាប់សំបក ប្រភេទកាំភ្លើងអ្វីនោះទេ ។
ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចចុះទៅសាកសួរនិង និងពិនិត្យទីតាំងកើតហេតុរួចហើយ ក៍បានយកសំបកកន្ទុះយកទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវតាមជំនាញ របស់សមត្ថកិច្ច៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត





