អាមេរិកមានអ្នកស្លាប់ជិត ១,៨០០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ខណៈមានអ្នកឆ្លងសរុប ៤៥០,០០០នាក់
គិតត្រឹមថ្ងៃព្រហស្បតិ៍ មនុស្សជិត ១,៨០០នាក់ នៅសហរដ្ឋអាមេរិកបានស្លាប់ បន្ទាប់ពីបានឆ្លងវីរុស COVID-19 ។ ចំនួនអ្នកស្លាប់សរុបនៅអាមេរិកពេលនេះ មានរហូតដល់ទៅ ១៦,៥០០នាក់ ដែលច្រើនជាងគេបំផុតបន្ទាប់ពីអ៉ីតាលី ខណៈវានៅតែនាំមុខគេជាប្រទេសមានការឆ្លងច្រើនបំផុត ជាមួយនឹងការឆ្លង ៤៥០,០០០នាក់។ យោងតាមទិន្នន័យដែលប្រមូលបានដោយសាកលវិទ្យាល័យ John Hopkins បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចុះបញ្ជីការស្លាប់ចំនួន ១,៧៨៣នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

យ៉ាងណាក៏ដោយសហរដ្ឋអាមេរិកនៅតែរំពឹងថា ការផ្ទុះឡើងនឹងកើតឡើងនៅចុងសប្តាហ៍នេះ ទោះបីចំនួនការស្លាប់ថ្មីចុងក្រោយគឺទាបជាងមុនបន្តិច បើប្រៀបធៀបទៅនឹងការស្លាប់ជិត ២,០០០ករណី ដែលបានកត់ត្រាកាលពី ២ថ្ងៃមុនជាប់ៗគ្នា។ ពោលគឺចំនួនអ្នកស្លាប់ដោយ COVID-19 ខ្ពស់បំផុតរបស់អាមេរិក ត្រូវបានគេរាយការណ៍កាលពីថ្ងៃពុធ នៅពេលដែលមានមនុស្ស ១,៩៧៣នាក់ បានស្លាប់ដោយសារវីរុស៕


អត្ថបទ៖ លីដា
ប្រភព៖ RT