ចាញ់បោកមិត្តភ័ក្រយកម៉ូតូទៅបាត់ កុហកអ្នកសារព័ត៌មានថាចោរធាក់ប្លន់
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ចាញ់បោកមិត្តភ័ក្រ យកម៉ូតូទៅបាត់ ហើយកុហកប្រាប់អ្នកសារព័ត៌មានថា មានជនសង្ស័យ២នាក់ធាក់ប្លន់ម៉ូតូរបស់គាត់ទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែកន្លែងកើតហេតុ កាលពីវេលា ម៉ោង១០និង៣០នាទីយប់ ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវបេតុង ក្បែផ្លូវ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អ៊ុក ធារ៉េត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្តឲ្យក្រុមហ៊ុនស៊ីផេក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅភូមិត្រពាំងញូង ឃុំត្រពាំងញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ម៉ូតូដែលបាត់ទៅគឺម៉ាកវ៉េវ អាល់ហ្វា ស៊េរីឆ្នាំ២០១៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1675 មិនចាំអក្សរនៅពីមុខ។
ពេលដែលសមត្ថកិច្ចនាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៏នគរបាលរដ្ឋបាល អូរបែកក្អម យុវជនរងគ្រោះបាននិយាយកាពិតពីដំណើររឿងថា មុនពេលកើតហេតុខ្ញុំជិះម៉ូតូម៉ាក វ៉េវអាល់ហ្វា Wave ចេញពីកន្លែងធ្វើកានៅជិតសាលាកូរ៉េ ទំនប់កប់ស្រូវ ។ ពេលនោះអ្នកធ្វើការជាមួយគ្នាពុំស្គាល់ឈ្មោះបានសុំជិះជាមួយទៅផ្ទះជួលដែល ផ្លូវតែមួយ ពេលនោះខ្ញុំក៏ឌុបមកចូលផ្លូវបេតុង ទឹសដៅពីជើងទៅត្បូងពេលដែលជិះជិតដល់វត្តអង្គតាម៉ិញ វាថាដល់ផ្លូវចូលបន្ទប់ជួលវាហើយ ខ្ញុំក៏ឈប់ម៉ូតូដោយពុំបានដកសោរចេញពីម៉ូតូហើយខ្ញុំក៏ដើរទៅទិញទឹកសុទ្ធយកមកផឹក ស្រាប់តែវាឡើងជិះម៉ូតូខ្ញុំយកទៅបាត់តាមបណ្តោយផ្លូវបេតុងទឹសដៅពីជើងទៅត្បូងចេញទៅផ្លូវ២០០៤បាត់ស្រមោល។
ក្រោយមកសមត្ថកិច្ចបានបញ្ជាក់បន្ថែមថារឿងនេះមិនមែនជារឿងធាក់ប្លន់នោះទេគឺជារឿងអ្នកធ្វើការជាមួយគ្នាលួចម៉ូតូយកទៅ ទោះយ៉ាងណាសមត្ថកិច្ចបានកំណត់មុខសញ្ញានិងតាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត







