រឹងមែន! ណែនាំហាមមិនឲ្យមកស្រុកហើយ នៅបន្លំលួចជិះតាមផ្លូវរថភ្លើងមកទៀត សមត្ថកិច្ចចាប់បានអោយត្រលប់ក្រោយវិញ
ខេត្តព្រះសីហនុ-សមត្ថកិច្ចដែលប្រចាំការត្រួតពិនិត្យហាមឃាត់មិនអោយពលរដ្ឋធ្វើដំណើរបន្លាស់ទី(ឆ្លងខេត្ត)អោយដឹងថា មានពលរដ្ឋមួយចំនួនតូចបាន បន្លំជិះម៉ូតូតាមផ្លូវរថភ្លើង ឆ្លង ពីស្រុកព្រៃនប់ ឆ្ពោះទៅស្រុកកំណើតនៅឯខេត្តកំពតពេលយប់កាលពីយប់ថ្ងៃ១១ ខែមេសា ឆ្នាំ២០២០ ក្រោយពីមិនអាចធ្វើដំណើរត្រង់បានតាមផ្លូវជាតិ ប៉ុន្តែត្រូវបានមន្ត្រីតាមទៅឃាត់ អោយត្រឡប់ក្រោយវិញ ជាមួយនឹងការពន្យល់ក៍ដូចជាការស្នើសុំអោយយោគយល់ចំពោះការបិទផ្អាកនេះ ដើម្បីការពារខ្លាចមានការចម្លងមេរោគកូវីដ១៩ និងថា បើទោះជាបន្លំចេញបានដោយប្រការណាមួយ ពេលទៅដល់ផ្ទះ មន្ត្រីមូលដ្ឋានផ្ទាល់ក៍នឹងអនុវត្តន៍វិធានការឃាត់ទុកដាក់ដោយឡែក១៤ថ្ងៃដែរ មិនបានអនុញ្ញាតអោយដើរហើរក្នុងភូមិបានឡើយ ហើយពេលត្រឡប់មកកន្លែងស្នាក់នៅធ្វើការវិញ វិធានការឃាត់ទុកដាក់ដោយឡែក១៤ថ្ងៃក៍ត្រូវធ្វើដូចគ្នាដែរ។

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ ក៍បានថ្លែងអំណរគុណដល់ពលរដ្ឋនៅខេត្តព្រះសីហនុ បងប្អូនកម្មករ កម្មការីនី មន្ត្រីរាជការ និងបុគ្គលិកវិសយ័ឯកជននានាដែលនៅបន្តធ្វើការធម្មតា មិនធ្វើដំណើរចាកចេញបន្លាស់ទីក្នុងរដូវបុណ្យចូលឆ្នាំថ្មីនេះ ដោយចាត់ទុកថាជាការចូលរួមទាំងអស់គ្នា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ការពារខ្លួនឯងផង ការពារក្រុមគ្រួសារផង និងការពារមិត្តភក្រ័បងប្អូនក្នុងសហគមន៍ផង៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង