ទើបតែ១៥ឆ្នាំរៀនថ្នាក់បឋមសោះ ចេញឆក់កាបូបបានសម្រេច តែរត់មិនរួច ត្រូវសមត្ថកិច្ចក្របួចជាប់
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលអធិការដ្ឋានខណ្ឌទួលគោក បានប្រដេញតាមជនសង្ស័យ ២នាក់ ដែលធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសម្រេច ហើយជិះរត់គេចខ្លួន រហូតសមត្ថកិច្ចឃាត់បានម្នាក់ រីឯម្នាក់ទៀតរត់គេចបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ និង១០នាទីរសៀល ថ្ងៃសៅរិ៍ ទី១១ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះលេខA-៤ ផ្លូវលេខ២៥៧ ក្រុមទី១៧ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ហួន សេង ហៅ សេង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សបឋមសិក្សាបឹងសាឡាង ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មធ្យោបាយធ្វើសកម្មភាព ម៉ូតូមួយគ្រឿងម៉ាក Suzuki Nex ពណ៌ស លាយលឿង ពាក់ស្លាកលេខភ្នំពេញ 1HX-9041 ដែលមានលេខតួនិលេខម៉ាស៊ីន 353953 (ជាម៉ូតូរបស់ជនសង្ស័យឈ្មោះ ហួន សេង ហៅ សេងនិងបក្សពួកជិះឆក់) ។
ក្រោយពីធ្វើការសាកសួរ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យឈ្មោះ ហួន សេង ហៅ សេង យកមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ដោយជាលទ្ធផលបង្ហាញពីភាព អវិជ្ជមាន (គ្មានសារធាតុញៀន) ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

