អាជ្ញាធរខណ្ឌចំការមន ចុះផ្អាកអាជីវកម្មទីតាំងល្បែងហ្គេមបាញ់ត្រី ៣កន្លែង និងបង្ក្រាបណេត២៤ម៉ោង ឃាត់ខ្លួនមនុស្សប្រុសស្រី១៤នាក់ (២នាក់ពាក់ព័ន្ធគ្រឿងញៀន)
រាជធានីភ្នំពេញ ៖ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ទីតាំងអ៉ិនធើណេតមួយកន្លែង និងហ្គេមបាញ់ត្រី ៣កន្លែង ដែលបង្កប់ល្បែងស៊ីងសង និងប្រមូលម្ដុំទៅដោយក្រុមក្មេងស្ទាវពពាក់ពពូនគ្នា ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន បានចុះផ្អាកទីតាំងអាជីវកម្ម បណ្ដោះអាសន្ន និងធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ១៤នាក់ ក្នុងនោះមានបុរស២នាក់ រក្សាទុកថ្នាំញៀន២បញ្ចប់តូចនៅជាប់ខ្លួន ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាកសួរភ្លាមៗផងដែរ ។

ការចុះផ្អាកទីតាំងហ្គេមបាញ់ត្រីនិងទីតាំងសេវាអ៉ិនធឺណេតខាងលើនេះ ធ្វើឡើងដោយយោងស្មារតីអង្គប្រជុំថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌចំការមន ក្រុមការងាររដ្ឋបាលខណ្ឌចំការមន នៅវេលាល្ងាចថ្ងៃសៅរិ៍ ទី១១ ខែមេសា ឆ្នាំ២០២០នេះ ដឹកនាំផ្ទាល់ដោយលោក កែវ សំណាង និងលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌចំការមន តំណាងលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យ និងផ្អាកទីតាំងសេវាអ៉ិនធើណេត និងហ្គេមកម្សាន្តមានទាំងហ្គេមស៊ីសងខុសច្បាប់ ក្នុងមូលដ្ឋានខណ្ឌចំការមន ០៤ទីតាំង៖ (សេវាអ៉ិនធើណេត ១ទីតាំង ស្ថិតនៅចំណុចមុខ ច្រកចូលខារ៉ាអូខេសូលហ្គោលឌិនស៊ីធី លើផ្លូវសុធារស និងហ្គេមកម្សាន្ត ០៣ទីតាំងទៀត ទី១.នៅគល់ស្ពានឥន្ធូ (ឡើងកោះពេជ្រ) យីហោ ទីក្រុងជីវចល ទី២.នៅចំណុចទល់មុខអាគារភ្លោះ The Bridge ផ្លូវលេខ៧៨ (ផ្លូវឡើងស្ពានហង្ស) យីហោ (មណ្ឌលកំសាន្តអធិរាជ) និងទី៣.ទីតាំងហ្គេមគ្រប់ភេទ យីហោ (ទីក្រុងសម្រាប់កុមារ) ។
ជនសង្ស័យដែលមានថ្នាំញៀនជាប់ខ្លួនទី១ ឈ្មោះ ស្រី ពិនរ៉ា ហៅកាក់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ២១៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ធានីភ្នំពេញ (ប្រើប្រាស់សារធាតុញៀន)។ ជនសង្ស័យទី២ ឈ្មោះ ហ៊ុយ វ៉ាន់គីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះនៅកៀនស្វាយ ខេត្តកណ្ដាល (ប្រើប្រាស់សារធាតុញៀន)។
បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការណ៍នេះ គឺកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានចុះមកត្រួតពិនិត្យមើលនៅទីតាំងខាងលើ និងបានចុះណែនាំម្ចាស់ទីតាំងអ៉ិនធើណេតនោះអោយបិទទាំងអស់ ស្រាប់តែបានប្រទះឃើញបុរស២នាក់ ត្រូវបានកម្លាំងត្រួតពិនិត្យ ឆែកឃើញមានថ្នាំញៀន ចំនួន២បញ្ចប់តូច នៅជាប់ខ្លួនផងដែរ ។
បន្ទាប់ពីធ្វើការត្រួតពិនិត្យឆែកឆេរផ្ទះទីតាំងណេត២៤ម៉ោងខាងលើរួច កម្លាំងចម្រុះគណៈបញ្ជាការឯកភាពខណ្ឌ មិនមានដកហូតសម្ភារៈអ្វីផ្សេងឡើយ ក្រៅពីគ្រឿងញៀន និងម៉ូតូរបស់ក្រុមញៀនល្បែងខាងលើ ដោយបន្សល់ទុកតែម៉ាស៊ីកុំព្យូរទ័រ និងទូហ្គេមបាញ់ត្រីរាប់រយគ្រឿង នៅក្នុងទីតាំងដែលចុះត្រួតពិនិត្យខាងលើដដែល ចំណែកជនសង្ស័យប្រុសស្រីទាំង១៤នាក់ (ក្នុងនោះក៏មានបុគ្គលិកស្រីផងដែរ) ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីធ្វើការសាកសួរ និងឃាត់ខ្លួនបណ្ដោះអាសន្ន តាមជំនាញរបស់សមត្ថកិច្ច ។
គួរបញ្ជាក់ថា ទីតាំងខាងលើនេះ មានច្បាប់អនុញ្ញាតប្រកបអាជីវកម្មត្រឹមត្រូវ តែបានលួចលាក់បើកដាក់នូវប្រភេទម៉ាស៊ីនហ្គេមជាច្រើនគ្រឿង សុទ្ធសឹងតែជាប្រភេទល្បែងស៊ីងសង ឡូតូ សរុបជាង១០០គ្រឿងឯណ្ណោះ តែអាជ្ញាធរនិងសមត្ថកិច្ច មិនបានចាប់ដកហូតមកឡើយ ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត














