ជិះឌុបគ្នាប៉ុនប៉ងលួចកាច់កម៉ូតូ តែអស់លក្ខណ៍ ព្រោះកម្លាំងល្បាតអធិការដ្ឋានខណ្ឌចំការមន តាមឃ្លាំមើល ស្ទាក់ឃាត់ខ្លួនបាន២នាក់ ដកហូតប្រដាប់កាច់សោឆ្កឹះសោមួយឈុតទៀត
រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងល្បាតអធិការដ្ឋានខណ្ឌចំការមន សហការជាមួយកម្លាំងប៉ុស្តិ៍ទួលទំពូងទី១ ចេញល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើស ការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានចាប់ឃាត់ខ្លួនបញ្ជូនទៅសាកសួរភ្លាមៗ បន្ទាប់ពីឃើញជិះម៉ូតូឌុបគ្នាតាមផ្លូវ មើលទៅគួរឲ្យសង្ស័យ ទើបចេញតាមឃ្លាំមើលពីក្រោយ រួចហៅឲ្យឈប់សុំត្រួតពិនិត្យ ជនសង្ស័យក៏បោះចោលអ្វីម៉្យាងទៅក្នុងរបងបរិវេណសាលាបឋមសិក្សារវត្តទួលទំពូង ធ្វើឲ្យសមត្ថកិច្ចចំណាយពេលចូលរកទំរាំឃើញ វត្ថុតាងឧបករណ៍កាច់សោរមួយឈុត (ដែកចុងស្រួល និងសោលេខ៨) ទើបវាយខ្នោះបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ភ្លាមៗតែម្ដង ។

ការឃាត់ខ្លួននេះធ្វើឡើងនៅពេលកម្លាំងល្បាតរបស់អធិការដ្ឋានខណ្ឌចំការមន ដឹកនាំដោយលោកដែលនៅវេលាម៉ោងជាង០៣ទៀបភ្លឺឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០នេះ នៅខាងលិចខ្លោងទ្វារវត្តទួលទំពូង លើកំណាត់ផ្លូវ១៥៥ កែងជាមួយផ្លូវ៤០៨ ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួន ៖ ទី១.ឈ្មោះ ហ៊ល មករា មុខរបរមិនពិតប្រាកដ អាយុ៣៥ឆ្នាំ ស្នាក់នៅម្ដុំក្នុងសង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ ទី២.ឈ្មោះ សេង វិសេស អាយុប្រហែល២០ឆ្នាំជាង ស្នាក់នៅម្ដុំក្រោយព្រលានយន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មុខរបរមិនពិតប្រាកដ ។
បើតាមសម្ដីលោក ផន អូន អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌចំការមនបានប្រាប់ឲ្យដឹងថា អនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ទាំង៩ចំណុច ក្រោមការដឹកនាំរបស់លោកអធិការខណ្ឌ បានដាក់ផែនការដល់បណ្តាប៉ុស្តិ៍ទាំងអស់ឲ្យយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ និងបង្កើនការយកចិត្តទុកដាក់ ក្នុងការចេញល្បាតពួនស្ទាក់ និងត្រៀមលក្ខណៈអន្តរាគមន៍ ទប់ស្កាត់បទល្មើសផ្សេងៗ ដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយនៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺកម្លាំងល្បាតទាំងអស់បានធ្វើការ ល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយនៅពេលមកដល់ចំណុចជិតផ្សារទួលទំពូង បានប្រទះឃើញជនសង្ស័យចំនួន០២នាក់ កំពុងជិះម៉ូតូ០១គ្រឿងម៉ាក Smash Revo ពណ៌ខ្មៅ ឌុបគ្នា ដោយមានការសង្ស័យ កម្លាំងល្បាតក៏បានតាមឃ្លាំមើលពីក្រោយ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យទាំងពីរនាក់បានបោះចោល (ឧបករណ៍កាច់សោរកម៉ូតូចូលទៅខាងក្នុងបរិវេណសាលាបឋមសិក្សារវត្តទួលទំពូង ហេីយកម្លាំងក៏បានឃាត់សុំធ្វើការត្រួតពិនិត្យ ឆែកឆេរទំរាំតែចូលទៅរកឃើញឧបករណ៍សម្រាប់កាច់សោរកម៉ូតូមួយឈុតមាន (ដែកចុងស្រួចចំនួន០១ដើម, សោរទីបលេខ០៨ ចំនួន០១ដើម, ទេីបកម្លាំងវាយខ្នោះឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ យកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ទួលទំពូងទី១ ដើម្បីចាត់ការតាមនីតិវិធីតែម្តង ។
វត្ថុតាងចាប់យក ៖ ដែកចុងស្រួច ចំនួន០១ដើម, សោរទីបលេខ ០៨ចំនួន០១ដើម , និងម៉ូតូ០១គ្រឿងម៉ាក Smash Revo ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AG-6283 (ជាមធ្យោបាយជនសង្ស័យធ្វើសកម្មភាព ) ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត






