ព័ត៌មានជាតិ

ឆេះឃ្លាំងស្តុកថ្នាំពេទ្យដ៏ធំ សហគ្រាស អាលីយ៉ង់ហ្វាម៉ា កាលពីល្ងាចម្សិលមិញ ប្រើរថយន្តពន្លត់អគ្គិភ័យជាង ៣០គ្រឿង ចេញជួយបាញ់ពន្លត់ជិត៣ម៉ោង ទើបរលត់

BY
Khmernote Media
April 13, 2020

រាជធានីភ្នំពេញ ៖ ឃ្លាំងស្តុកថ្នាំពេទ្យរបស់សហគ្រាស អាលីយ៉ង់ ហ្វាម៉ា ខេមបូឌា ត្រូវបានអគ្គីភ័យឆាបឆេះ យ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោងប្រមាណជា០៥ និង៣០នាទីល្ងាច ថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២០នេះ ក្រោយពីមានការជួយអន្តរាគមន៍បាញ់ពន្លត់ពីកម្លាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ និងក្រុមពន្លត់អគ្គិភ័យ អស់ពេលជិត៣ម៉ោង ទើបរលត់ទៅវិញ នៅម៉ោង០៨ និង ១០នាទីយប់ថ្ងៃដដែលនេះ ។

អាគារឃ្លាំងស្តុកថ្នាំពេទ្យរបស់សហគ្រាស អាលីយ៉ង់ ហ្វាម៉ា ខេមបូឌា (Alliance Pharma Cambodge) មានទីតាំងស្ថិតនៅផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះ គេឃើញវត្តមានឯកឧត្តម ជា ពិសី អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចុះជួយអន្តរាគមន៍ សហការជាមួយក្រុមសមត្ថកិច្ចពន្លត់អគ្គិភ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យស្នងការនគរបាលរាជធានីភ្នំពេញ ប្រេីប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣២គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការ និងពន្លត់អគ្គីភ័យរាជធានីភ្នំពេញ, រថយន្តពន្លត់អគ្គិភ័យក្រសួងមហាផ្ទៃ, រថយន្តពន្លត់អគ្គិភ័យសាលាខណ្ឌឫស្សីកែវ, រថយន្តពន្លត់អគ្គិភ័យទីក្រុងជ្រោយចង្វារក្រុមហ៊ុន OCIC, និងរថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ។

លោក ព្រហ្ម យ៉ន នាយការិយាល័យបង្កា និងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សហគ្រាសនេះ មានម្ចាស់ឈ្មោះ ឆាយ ណយ ភេទស្រី អាយុ៦០ឆ្នាំ ធ្វើពីថ្មប្រក់សង្ក័សី ទំហំ55ម៉ែត្រx45ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលឲ្យខូចខាតសម្ភារៈឆេះក្នុងឃ្លាំងអស់ ប្រហែល៥០% និងពុំបណ្តាលឱ្យរាលដាល ដល់អ្នកជិតខាងឡើយ ដោយកម្លាំងបានប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ សរុបប្រហែល ១៣០ឡាន ទើបគ្រប់គ្រងបានទាំងស្រុង នាវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃដដែលនេះ ។

សមត្ថកិច្ចបន្តទៀតថា ក្នុងគ្រោះអគ្គិភ័យខាងលេីនេះ គឺពុំបង្កឱ្យមានមនុស្សរបួស ឬស្លាប់នោះទេ ចំពោះមូលហេតុដែលបណ្ដាលឲ្យឆាបឆេះនោះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ តែបេីតាមការសន្ឋិដ្ឋានបឋម គឺសារតែទុស្សេខ្សែភ្លើង៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត

Share This Post: