ព្រឹកនេះមិនមានវិជ្ជមានថ្មី ហើយក៏មិនមានអ្នកជាសះស្បើយដែរ ដោយធ្វើអោយចំនួនសរុប នៅ១២២ករណីដដែល
យោងតាមសេចក្តីប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងសុខាភិបាល នៅក្នុងសន្និសិទសារព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ មុននេះបន្តិច បានអោយដឹងថា ក្រសួងសុខាភិបាល រកមិនឃើញវិជ្ជមានកូវីដ-១៩ ថ្មីនោះទេ ហើយក៏មិនមានអ្នកជាសះស្បើយថ្មីនោះដែរ ដោយគិតត្រឹមម៉ោង ៧ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ ចំនួនវិជ្ជមានកូវីដ-១៩ នៅកម្ពុជា មានចំនួន១២២ករណីដដែល។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ហើយរដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំ និងតម្រូវអោយបុគ្គលិកស្ថាប័នរដ្ឋនិងឯកជន ធ្វើការធម្មតា ដោយនឹងលើកថ្ងៃឈប់ទៅពេលក្រោយវិញ៕