រដ្ឋមន្ត្រីក្រសួងសុខាភិបាល៖ ការរកឃើញអ្នកមានវីរុស កូវីដ-១៩ នៅរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នឹងអាចឈានចូលជាករណីដែលចម្លងក្នុងសហគមន៍ក្នុងទ្រង់ទ្រាយតូច ប្រសិនបើរកឃើញថាមិនមានប្រភពនៃការចម្លងច្បាស់លាស់
នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីនៃក្រសួងសុខាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការរកឃើញអ្នកមានវីរុស កូវីដ-១៩ នៅរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នឹងអាចឈានចូលជាករណីដែលចម្លងក្នុងសហគមន៍ក្នុងទ្រង់ទ្រាយតូច ប្រសិនបើរកឃើញថាមិនមានប្រភពនៃការចម្លងច្បាស់លាស់។

ឯកឧត្តម ម៉ម ប៊ុនហេង បានមានប្រសាសន៍នៅមុខអ្នកសារព័ត៌មានជាច្រើនថា៖ “ក្រសួងសុខាភិបាលសូមធ្វើការកត់សំគាល់ថា ការរកឃើញអ្នកមានវីរុស កូវីដ-១៩ នៅរាជធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នឹងអាចឈានចូលជាករណីដែលចម្លងក្នុងសហគមន៍ក្នុងទ្រង់ទ្រាយតូច ប្រសិនបើការស្រាវជ្រាវបន្តរបស់ក្រុមការងាររបស់នាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ រួមជាមួយអង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងសហរដ្ឋអាមេរិក ព្រមទាំងអាជ្ញាធរពាក់ពន្ធ័ អាចរកឃើញថាមិនមានប្រភពនៃការចម្លងវីរុស កូវីដ-១៩ ច្បាស់លាស់”៕
