រថយន្តដឹកកម្មកររោងចក្រ ២គ្រឿង និងរថយន្តព្រូស វ៉ាជែងបន្តកន្ទុយគ្នា ជ្រុលទៅបុករថយន្តហាយឡែនឌ័រមកពីមុខ បណ្តាលឲ្យមនុស្សជាច្រើនរងរបួស
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកកម្មកររោងចក្រ ២គ្រឿង និងរថយន្ត PRIUS បើកវ៉ាជែងបន្តបន្ទាប់គ្នាចូលគន្លងម្ខាងទៀតបញ្ច្រាសទិសដៅទៅបុករថយន្ត Highlander មួយគ្រឿងទៀត កំពុងបើកស្របទិស ក្នុងល្បឿនលឿន បណ្ដាលឲ្យរងការខូចខាតទាំង៤គ្រឿង និងបណ្ដាលឲ្យកម្មការនីរោងចក្រជាច្រើននាក់រងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបាត់អស់ទៅ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅព្រឹកថ្ងៃ១៣ ខែមេសា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ១ ភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នៅមុនពេលកើតហេតុ គេឃើញរថយន្តហាយឡែនឌឺ១គ្រឿងធ្វើដំណើរពីលិចទៅកើត (ភ្នំពេញ-អ្នកលឿង) បានបុកប៉ះជាមួយរថយន្ត៣គ្រឿងទៀត (រថយន្តកូរ៉េ២គ្រឿង ដឹកកម្មកររោងចក្រនិងរថយន្តព្រុស) ដែលធ្វើដំណើរពីកើតមកលិច បញ្ច្រាស់ទឹសគ្នាពេញទំហឹង បណ្តាលអោយកម្មករ-កម្មការីរោងចក្ររងរបួសស្រាលជាច្រើននាក់ ត្រូវដឹកសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយផងដែរ។ បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងផ្នែកចរាចរណ៍ ចុះមកវាស់វែងយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំដោះស្រាយគ្នាពេលក្រោយ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត






