បើករថយន្ត LEXUS GS300 លឿនដូចហោះតាមផ្លូវ៦០ម៉ែត្រ រេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវក្រឡាប់ផ្ងាជើង
រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសបែកក្បាល បន្ទាប់ពីបើករថយន្តយ៉ាងលឿនរេចង្កូតទៅឆ្វេងដៃ ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដីអស់មួយដើម រថយន្តក្រឡាប់ផ្ងារមួយចំហៀង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២:២០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចដីទំនេរមួយកន្លែង ចម្ងាយប្រហែល១០០ម៉ែត្រ ពីច្រកចូលសាលាខណ្ឌមានជ័យ ក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បុរសដែលបើករថយន្តបង្ក មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះរថយន្តម៉ាកឡិចស៊ីស LEXUS GS300 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ 2AZ-3357 ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយ គេឃើញរថយន្ត LEXUS GS300 ស៊េរីទំនើបខាងលើ បើកតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងមកត្បូង ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ក៏ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់រាបដល់ដី រប៉ើងទាំងគល់អស់១ដើម និងរថយន្តក្រឡាប់ផ្ងារជើងមួយចំហៀង ហើយថែមទាំងរងរបួស អ្នកបើកបរបែកក្បាលគួរសម តែផ្ទុះពោងសុវត្ថិភាព ទើបមិនគ្រោះថ្នាក់ដល់អាយុជីវិត ។ ភ្លាមៗនោះក៏មានមិត្តភ័ក្តិដឹកយកទៅមន្ទីរពេទ្យសង្គ្រោះជីវិត ចំណែកឯរថយន្តវិញរងការខូចខាតស្ទើរតែទាំងស្រុង ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម ចុះមកពិនិត្យមើល និងរាយការណ៍ប្រាប់ជំនាញចុះមកវាស់វែងផងដែរ និងរាយការណ៍ប្រាប់ទៅខាងក្រុមបច្ចេកទេស ការិយាល័យអគ្គិសនីបំភ្លឺសាធារណៈ និងភ្លើងសញ្ញាចរាចរណ៍ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការកាត់ផ្ដាច់ចរន្តអគ្គិសនី ហើយក៏មានតំណាងខាងរថយន្តបង្កបានទៅសម្របសម្រួលគ្នាផងដែរ។
បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកវាស់វែង ដើម្បីយកទៅរក្សាទុកបណ្ដោះអាសន្ន រងចាំដោះស្រាយនៅពេលក្រោយ ស្រាប់តែភាគីខាងរថយន្តបង្ក ធ្វើការសម្របសម្រួលគ្នាជាមួយខាង ការិយាល័យអគ្គិសនីបំភ្លឺសាធារណៈ និងភ្លើងសញ្ញាចរាចរណ៍ ដោយសងថ្លៃខូចខាតចំនួន១ពាន់ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង ៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត








