កម្មករជិត៥០នាក់ បន្លំជិះក្នុងឡានដឹកទំនិញធុនធំបម្រុងឆ្លងចូលខេត្តកោះកុង ត្រូវបានសមត្ថកិច្ចឃាត់បាន និងណែនាំឲ្យត្រលប់ទៅវិញ
ខេត្តព្រះសីហនុ-អាជ្ញាធរបានធ្វើការឃាត់ពលរដ្ឋជាកម្មករតាមកសិដ្ឋាន ប្រុសស្រីចំនួន៤៨នាក់ ដែលបន្លំជិះក្នុងរថយន្តដឹកទំនិញធុនធំមួយគ្រឿងពីខេត្តកំពង់ស្ពឺបម្រុងឆ្លងចូលទៅខេត្តកោះកុង កាលពីព្រលប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។

មន្ត្រីថ្លែងថា សមត្ថកិច្ចគណ:បញ្ជាការឯកភាព រដ្ឋបាលស្រុកកំពង់សីលា ដែលប្រចាំការត្រង់ចំណុចគីឡូម៉ែត្រ លេខ ១៤១ ផ្លូវបំបែកស្រែអំបិល ក្នុងភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ជាប់ព្រំប្រទល់ជាមួយ ស្រុកស្រែ អំបិល ខេត្តកោះកុង បានឃាត់រថយន្តទ្រុងធុនធំមួយគ្រឿង ដែលធ្វើដំណើរចេញពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅកាន់ ខេត្តកោះកុង ក្រោយត្រួតពិនិត្យក្នុងរថយន្តនោះ ឃើញមានបានលាក់បង្កប់កម្មករ ក្នុងទ្រុងរថយន្តចំនួន៤៨នាក់ (ស្រី១៧នាក់) ។
ក្រោយឃាត់សួរនាំរួចមក សមត្ថកិច្ចក៏បានណែនាំអោយបងប្អូនប្រជាពលរដ្ឋយល់ពីអ្វីដែលជាវិធានការហាមឃាត់ការធ្វើដំណើរឆ្លងខេត្តក្នុងពេលបុណ្យចូលឆ្នាំថ្មីនេះ ដើម្បីការពារមិនអោយឆ្លងជំងឺកូវីដ១៩ និងបាននាំបងប្អូនកម្មករទាំង៤៨នាក់អោយត្រឡប់ទៅគោលដៅដើមក្នុងខេត្តកំពង់ស្ពឺវិញ ក្នុងថ្ងៃដដែល៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង