សិង្ហបុរីរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៣៣៤ ករណីបន្ថែមទៀត ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុបឡើងដល់ជាង ៣ ០០០ ករណី
សឹង្ហបុរី៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានរាយការណ៍ថា នៅថ្ងៃទី១៤ ខែមេសា ម្សិលមិញនេះសិង្ហបុរីបានរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ថ្មីចំនួន ៣៣៤ ករណីបន្ថែមទៀត តែពុំទាន់មានករណីស្លាប់ថ្មីនៅឡើយទេ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច Channelnewsasia បានចុះផ្សាយលម្អិតជុំវិញករណីឆ្លងថ្មីនេះថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់នោះគឺមានប្រជាពលរដ្ឋសិង្ហបុរីតិចតួចប៉ុណ្ណោះ ខណៈភាគច្រើនគឺសុទ្ធតែជាជនបរទេសដែលទទួលបានសិទ្ធអនុញ្ញាតឲ្យមកធ្វើការងារនៅក្នុងប្រទេសសិង្ហបុរី។

ប្រភពខាងលើបានបន្តថា ក្នុងចំណោមជនរងគ្រោះដែលជាប្រជាពលរដ្ឋសិង្ហបុរីនោះគឺមានមានជនរងគ្រោះម្នាក់ជាបុរសចំណាស់មានអាយុរហូតដល់ ៧០ ឆ្នាំ ហើយជនរងគ្រោះរូបនេះត្រូវបានអាជ្ញាធរសុខាភិបាលសិង្ហបុរីចាត់ទុកជាករណីធ្ងន់ធ្ងរផងដែរ ព្រោះថាមនុស្សចាស់ដែលបានឆ្លងមេរោគកូវីដ ១៩ គឺពិបាកព្យាបាលឲ្យជាសះស្បើយវិញណាស់។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះសិង្ហបុរីមានអ្នកឆ្លងមេរោគកូវីដ ១៩ សរុបចំនួន ៣ ២៥២ ករណី ស្លាប់ចំនួន ១០ ករណី ព្យាបាលជាសះស្បើយចំនួន ៦១១ ករណី និងមានករណីជនរងគ្រោះក្នុងកម្រិតធ្ងន់ធ្ងរចំនួន ២៩ ករណីផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channelnewsasia