កាកសំណល់ ពិដាន ម្នាងសិលា ស្បៃក្រណាត់ផ្សេងៗ រុះរើពីអគារការដ្ឋាន ត្រូវគេដឹកយកមកចាក់ចោល តាមផ្លូវ៦០ម៉ែត្រ
រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េមួយគ្រឿងដឹកកាកសំណល់សំណង់ ពិដាន ម្នាងសិលា ស្បៃក្រណាត់ផ្សេងៗ ដែលរុះរើពីអគារការដ្ឋានសំណង់ខ្ពស់ៗ ដែលសង់ជិតរួចរាល់នោះ យកទៅចាក់ចោលនៅចំណុងដីឡូត៍មួយកន្លែង នៅតាមផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ប្រហែលជិតកន្លះខែរាល់ពេលយប់ស្ងាត់ មិនរំខានអាជ្ញាធរឡើយ ទាល់តែចាក់ចោលគរដូចភ្នំ មានទាំងអ្នករើសអេតចាយទៅកាយរាយប៉ាយពេញដីឡូត៍ តាំងពីថ្ងៃទី៤-ទី៥ ខែមេសា ឆ្នាំ២០២០មកម៉្លេះ ។

លុះមួយអាទិត្យក្រោយមកនៅល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ គេឃើញវត្តមានលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ចុះពិនិត្យមើល រួចបញ្ជាអោយអាជ្ញាធរសង្កាត់ចាក់អង្រែលើ ធ្វើការសម្អាតចេញជាបន្ទាន់។ អាជ្ញាធរសង្កាត់ចៅអង្រែលើ ដែលដឹកនាំដោយលោក កែវ សាវឿន ចៅសង្កាត់ និងក្រុមការងារ ចុះទៅគ្រាន់តែហៅរថយន្តដឹកខ្សាច់មកចាក់ ហើយយកគ្រឿងចក្រមកឈួសឆាយ ចាក់កប់ពីលើសំរាមទាំងនោះ។
តាមប្រភពព័ត៌មានពីលោកពូម្នាក់ជាអ្នកដំណើរឆ្លងកាត់ចំណុចនោះបានឲ្យដឹងថា រាល់ពេលគាត់ចេញពីធ្វើការ ត្រលប់មកផ្ទះវិញ គាត់តែងតែឃើញរថយន្តកូរ៉េ មិនចាំពណ៌ និងមិនចាំស្លាកលេខមួយគ្រឿង ដឹកសំរាមកាកសំណល់សំណង់ គ្រឿងបាក់បែកពិដាន ម្នាងសិលា និងស្បៃ ដឹកយកមកចាក់ចោលនៅចំណុចដីឡូត៍មួយមួយកន្លែងកើតហេតុខាងលើ ចន្លោះម៉ោង១២ ដល់ម៉ោង១រំលងអធ្រាត្រ ព្រោះដឹកនៅពេលយប់ស្ងាត់មនុស្សធ្វើដំណើរតាមផ្លូវខាងលើ ។
លោកពូបន្តទៀតថា រថយន្តកូរ៉េនោះតែងតែបើកបញ្ច្រាសទិសចរាចរណ៍ ពីជើងមកត្បូង មានមនុស្សប្រុស៤-៥នាក់ មានទាំងខ្មែរនិងចិន ដែលបើករថយន្តកូរ៉េមួយគ្រឿង ដឹកកាកសំណល់សំណង់ទាំងនោះ យកទៅចាក់ចោលយ៉ាងអនាធិបតេយ្យនេះ ប្រហែលជិត១០ថ្ងៃជាប់ៗគ្នា តែពុំមានអាជ្ញាធរណាដឹងឡើយ ព្រោះយប់ស្ងាត់ ហើយក៏មិនសូវមានអ្នកណាចាប់អារម្មណ៍ឡើយ ទើបក្រុមមនុស្សប្រុសខ្មែរចិនទាំងនោះ ដឹកយកមកចាក់ចោលគរដូចភ្នំ តែខណៈពេលដែលមានអ្នករើសអេតចាយទៅកាយគំនរកាកសំណល់ រាយប៉ាយពេញដីឡូត៍ ធ្វើឲ្យខ្យល់បក់មកហើរពាសវាលពាសកាល ប៉ុន្តែប្រជាពលរដ្ឋមិនទាន់បានរាយការណ៍ទៅអាជ្ញាធរទេ ទើបមិនរំខានអាជ្ញាធរសង្កាត់ចាក់អង្រែលើ ចុះទៅពិនិត្យមើលឡើយ ។
មហាជនរងចាំមើល តើអាជ្ញាធរមានវិធានការ ស្រាវជ្រាវរកមុខ ក្រុមដឹកសំរាមយកមកចោលតាមទីសាធារណៈនេះ យកមកអប់រំ ឬផាកពិន័យ បានដែរឬទេ? បើអាគារដែលទើបសាងសង់ជិតរួចនោះ នៅមិនឆ្ងាយពីកន្លែងចាក់សំរាមចោលនេះផង៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត







