ប្រទេសថៃរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ២៩ករណី និងស្លាប់បន្ថែម ៣នាក់
សារព័ត៌មានបាងកកប៉ុស្ដិ៍ក្នុងថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា បានឱ្យដឹងថា រដ្ឋាភិបាលថៃបានប្រកាសថា មានករណីថ្មីនៃវីរុស COVID-19 ចំនួន ២៩ករណី ដែលបានធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២,៦៧២នាក់។ អ្នកស្លាប់ថ្មីចំនួន ៣នាក់ ត្រូវបានកត់ត្រា ដែលនាំឱ្យចំនួនស្លាប់សរុបកើនដល់ ៤៦នាក់ ហើយអ្នកស្លាប់ទាំងអស់មានអាយុក្រោម ៦០ឆ្នាំ។ គិតមកទល់ពេលនេះថៃព្យាបាលអ្នកជំងឺបានជាចំនួន ១,៥៩៣នាក់ ដែលកើនឡើងអ្នកជាបន្ថែម ៩៦នាក់ កាលពីថ្ងៃពុធ។

ចំនួនសរុបនៃករណីថ្មីសម្រាប់ថ្ងៃព្រហស្បតិ៍នេះ គឺទាបជាង ៣០ករណី ដែលបានកត់ត្រាកាលពីថ្ងៃពុធ។ ប្រទេសថៃធ្លាប់កត់ត្រាចំនួនអ្នកឆ្លងប្រចាំថ្ងៃខ្ពស់បំផុតគឺចំនួន ១៨៨នាក់ ដែលត្រូវបានកត់ត្រានៅថ្ងៃទី២២ ខែមីនា។ អាយុជាមធ្យមរបស់អ្នកជំងឺ COVID-19 គឺ ៣៧ឆ្នាំ ហើយចាស់ជាងគេបំផុតគឺ ៩១ឆ្នាំ និងក្មេងជាងគេបំផុតគឺអាយុ ១ខែ។
ការស្លាប់ថ្មីទាំង ៣នាក់ ត្រូវបានគេឱ្យដឹងថា ទី១ ជាបុរសជនជាតិម៉ាឡេស៊ី អាយុ ៥៥ឆ្នាំ ដែលធ្វើការជាមគ្គុទេសទេសចរណ៍គ្មានជំងឺប្រចាំកាយនោះទេ។ ទី២ ជាស្ត្រីថៃអាយុ ៤៥ឆ្នាំ មានជំងឺជាប់ខ្លួន ហើយមិនបានទទួលការព្យាបាលជាប្រចាំចំពោះ COVID-19 នោះទេ និងចុងក្រោយជាបុរសជនជាតិថៃ អាយុ ៣៧ឆ្នាំ ដែលមានជំងឺជាប់កាយដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍