កម្ពុជាសម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេស បារាំង, អាល្លឺម៉ង់, អ៉ីរ៉ង់, អ៊ីតាលី, អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកកម្ពុជា
យោងតាមលិខិតរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ដែលក្រុមការងារយើងទទួលបាននៅមុននេះបន្តិចបានអោយដឹងថា កម្ពុជាបានផ្អាកមិនអោយជនបរទេស មកពីប្រទេស បារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ចូលមកកម្ពុជា រហូតទាល់តែមានការធូរស្រាលពីស្ថានភាពជំងឺកូវីដ-១៩។ លិខិតជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោក លោកស្រី អគ្គកុងស៊ុល និង កុងស៊ុលកិត្តិយស នោះបានអោយដឹងថាទៀតថា ក្រសួងសុខាភិបាលបានសម្រេចពន្យារសុពលភាព នៃវិធានការក្នុងការផ្អាកមិនអោយជនបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា។

ការផ្អាកមិនអោយជនបរទេសចូលមកកម្ពុជារួមមានជនបរទេសដែលមកពី ប្រទេស បារាំង អាល្លឺម៉ង់ អ៉ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាមេរិក ហើយរាល់វិធានការរឹតបន្តិងការធ្វើដំណើរទាំងអស់ខាងលើនេះ គឺមានលក្ខណៈជាបណ្តោះអាសន្ន និងត្រូវបន្តអនុវត្តរហូតដល់ស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្រាល ក្រោយពីមានការវាយតំលៃរួមគ្នារវាងក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក៕
