រថយន្តបែនដឹកថ្មបើកលឿនរេចង្កូតឡើងលើសួនច្បារ ក្រឡាប់ដាច់កាឡេចាក់កម្ទេចថ្មចោលពេញផ្លូវ
រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកកម្ទេចថ្មមួយគ្រឿងបើកលឿន រេចង្កូតឡើងលើសួនច្បារ ក្រឡាប់ដាច់កាឡេចាក់កម្ទេចថ្មចោលពេញផ្លូវ ខ្ទាតទៅត្រូវកង់បីឥណ្ឌាមួយគ្រឿងទៀត បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត១ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ទល់មុខវិទ្យាល័យជម្ពូវ័ន កែងស្តុប QMI ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកខ្សាច់ខាងលើពាក់ស្លាលលេខ ភ្នំពេញ 3C 9497 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសណ្ណាណ ទិសដៅពីលិចទៅកើតរហូតមកដល់ចំណុចកើតហេតុ ដោយឃើញរថយន្តនៅខាងមុខ ជាន់ហ្រ្វាំងមិនទាន់ បណ្តាលឲ្យរេចង្កូតឡើងលើសួនច្បារ អមផ្លូវបណ្តាលដាច់កាឡេ ក្រឡាប់ចាក់កម្ទេចថ្មចោលខ្ទេចតែម្តង រួចខ្ទាតដុំដែកមួយដុំទៅត្រូវកង់បីឥណ្ឌា ដែលនៅម្ខាងនៃសួនច្បារបណ្តាលឲ្យរងការខូចខាតផងដែរ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុដោយមានការខូចខាតច្រើនទើបបញ្ជូនកម្លាំងជំនាញរាជធានី មកវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយបន្ត៕
អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត




