គិតត្រឹមថ្ងៃទី១៧ ខែមេសា នេះ សប្បុរសជន ដែលចូលរួមបរិច្ចាគថវិកាប្រយុទ្ធជំងឺកូវីដ១៩ មានជាង១៣លានដុល្លារហើយ
យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០នេះ សប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួនទឹកប្រាក់ចំនួន13 597 295ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខា ដូចជាម៉ាស អាកុល សាប៊ូ សម្ភារៈពេទ្យ។ល។ដែលមានតម្លៃរាប់លានដុល្លារថែមទៀត។

ដោយឡែកការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹមព្រឹកថ្ងៃ១៦ មេសា ២០២០នេះមានចំនួន14 751នាក់និងនៅសល់មួយចំនួនទៀតដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសារធារណៈ។ នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរព្រះគុណថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ៕
