ទីក្រុងតូក្យូរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ២០០នាក់ ជាលើកដំបូងបំផុត
រដ្ឋាភិបាលក្រុងតូក្យូបានបញ្ជាក់ករណីថ្មីនៃវីរុស COVID-19 ចំនួន ២០១ករណី នៅថ្ងៃសុក្រនេះ ដែលជាការកើនឡើងខ្ពស់ក្នុងរយៈពេលតែមួយថ្ងៃជាលើកដំបូងបំផុត។ នេះបើតាមការចុះផ្សាយរបស់ Japan Times សម្រាប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ។ ករណីថ្មីដែលជាការកើនឡើងពីចំនួន ១៤៩ ដែលបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងរាជធានីតូក្យូតែមួយ កើនឡើងដល់ ២,៧៩៦នាក់។

បន្ទាប់ពីនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ប្រកាសអាសន្នបន្ថែមទូទាំងប្រទេសកាលពីថ្ងៃព្រហស្បតិ៍ ខេត្តទាំងអស់កំពុងព្យាយាមកាត់បន្ថយការទាក់ទងពីមនុស្សម្នាក់ទៅ ៨០% ដើម្បីទប់ទល់នឹងរោគរាតត្បាតនេះ។ នៅទូទាំងប្រទេសជប៉ុន យ៉ាងហោចណាស់មានករណីចំនួន ៣២០ ត្រូវបានកត់ត្រានៅថ្ងៃសុក្រនេះ។ លោក Yuriko Koike អភិបាលក្រុងតូក្យូបានប្រាប់សន្និសីទសារព័ត៌មានថា៖ «ស្ថានភាពនៅតែតានតឹង» ដដែល ដោយស្នើសុំឱ្យប្រជាជនកុំចេញទៅក្រៅដោយមិនចាំបាច់។ ចំនួនអ្នកស្លាប់សរុបរបស់ប្រទេសដែលជាប់ទាក់ទងនឹងវីរុស ពេលនេះបានកើនឡើងដល់ ២១០នាក់៕



អត្ថបទ៖ លីដា
ប្រភព៖ Japan Times