ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សិង្ហបុរីរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៦២៣ ករណីបន្ថែមទៀត ធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ជាង ៥ ពាន់ករណី

    BY autoadmin April 18, 2020
    សិង្ហបុរីរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៦២៣ ករណីបន្ថែមទៀត ធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ជាង ៥ ពាន់ករណី

    សិង្ហបុរី៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែមេសា ម្សិលមិញនេះ សិង្ហបុរីបានរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៦២៣ ករណីបន្ថែមទៀត ខណៈតួលេខអ្នកស្លាប់ក៏បានកើតឡើងមួយករណីទៀតផងដែរ។ បើតាមអាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរីបានឲ្យដឹងថា  សិង្ហបុរីបានរកឃើញអ្នកឆ្លងថ្មីជាច្រើនរយនាក់ក្នុងមួយថ្ងៃៗក្នុងរយៈពេល ៤-៥ ថ្ងៃជាប់ៗគ្នានេះ ដែលករណីនេះគឺជាករណីកម្រមួយរាប់ចាប់តាំងពីមានការរាតត្បាតមេរោគកូវីដ ១៩ មក។

    យ៉ាងណាក្តី ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះភាគច្រើនគឺសុទ្ធតែមុខសញ្ញាចាស់ ពោលគឺ ៦៩ % ឬស្មើនឹង ៥៥៨ ករណីបានកើតឡើងចំពោះក្រុមកម្មករបរទេសដែលមានការប្រាស្រ័យទាក់ទងគ្នា​ និងកំពុងរស់នៅក្នុងអាគារជាមួយគ្នា។ ដោយឡែកមាន ៣៧ ករណី បានកើតឡើងក្នុងចំណោមកម្មករបរទេសដែលរស់នៅក្នុងផ្ទះផ្សេងៗគ្នា និង ២៧ ករណីផ្សេងទៀតគឺជាករណីចម្លងនៅក្នុងចំណោមប្រជាពលរដ្ឋសឹង្ហបុរីនៅតាមសហគមន៍។ ចំពោះករណីស្លាប់ថ្មីមួយករណីវិញ គឺបានកើតឡើងចំពោះបុរសសឹង្ហបុរីម្នាក់ដែលមានអាយុ ៩៥ ឆ្នាំ។ សូមបញ្ជាក់ជូនថា គិតត្រឹមថ្ងៃទី១៧ ខែមេសា សិង្ហបុរីមានអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៥ ០៥០ ករណី និងស្លាប់ចំនួន ១១ ករណីផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ channelnewsasia

    Share This Post: