ឥណ្ឌូនេស៊ីឈរលំដាប់ទី១ នៅតំបន់អាស៊ាន ក្រោយរកឃើញមានអ្នកឆ្លងមេរោគកូវីដ ១៩ថ្មី ជាង៤០០នាក់ទៀត សរុបជិត ៦ ពាន់ករណី
ឥណ្ឌូនេស៊ី៖ បន្ទាប់ពីស្ថានភាពនៃការរីករាលដាលនៃមេរោគកូវីដ ១៩ នៅក្នុងប្រទេសម៉ាឡេស៊ីហាក់មានភាពល្អប្រសើរបន្តិច ពេលនេះឥណ្ឌូនេស៊ីបានក្លាយជាប្រទេសទី ១ វិញម្តង ដែលមានតួលេខអ្នកឆ្លងមេរោគកូវីដ ១៩ ច្រើនបំផុតក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ានទាំង ១០ ប្រទេស។ របាយការណ៍សុខាភិបាលឥណ្ឌូនេស៊ីបានរាយការណ៍ថា គិតត្រឹមថ្ងៃទី១៧ ខែមេសា ឥណ្ឌូនេស៊ីបានរកឃើញអ្នកឆ្លងមេរោគកូវីដ ១៩ថ្មីចំនួន ៤០៧ករណី បន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីក៏មានចំនួន ២៤ ករណីទៀតផងដែរ។

ឆ្លើយតបទៅនឹងកំណើនអ្នកឆ្លងថ្មីដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីក៏បានសម្រេចដាក់ចេញនូវវិធានការណ៍ថ្មីមួយផងដែរ គឺបង្កើតចំនួនការធ្វើតេស្តរកមេរោគកូវីដ ១៩ ឲ្យឡើងដល់ ១០ ០០០ ករណីក្នុងមួយថ្ងៃ។ អាជ្ញាធរសុខាភិបាលឥណ្ឌូនេស៊ីបានបញ្ជាក់ថា នៅពេលដែលគេអាចធ្វើតេស្តរកមេរោគបានច្រើនករណីក្នុងមួយថ្ងៃៗ ការគ្រប់គ្រងការរាតត្បាតក៏មានប្រសិទ្ធភាពជាងមុនដែរ តែរដ្ឋាភិបាលត្រូវការចំណាយលុយច្រើនជាងមុន និងត្រៀមឧបករណ៍ធ្វើតេស្តឲ្យបានច្រើនជាងមុនផងដែរ។ សូមបញ្ជាក់ជូនថា គិតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមានអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៥ ៩២៣ ករណី ស្លាប់ចំនួន ៥២០ ករណី និងមានអ្នកជាសះស្បើយចំនួន ៦០៧ ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz