អានសារ អរគុណរបស់អ្នកជំងឺ Covid-19 ជនជាតិបារាំង ៤ នាក់ ដែលសរសេរទៅកាន់ក្រុមគ្រូពេទ្យកម្ពុជានៅមន្ទីរពេទ្យខ្មែរ-សូវៀត ពួកគាត់ថា ” អរគុណមួយពាន់ដង អរគុណអស់ពីបេះដូង ដែលខិតខំព្យាបាលថែទាំ និងផ្តល់ភាពកក់ក្តៅដល់ពួកគេ”
ចាប់តាំងពីមានការជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមក យើងសង្កេតឃើញក្រុមគ្រូពេទ្យកម្ពុជាច្រើនរូបបានខិតខំប្រឹងប្រែងបំពេញភារកិច្ច និងព្យាបាលអ្នកជំងឺកូវីដ១៩ អោយជាសះស្បើយជាច្រើនរូប ដោយគិតមកត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យកម្ពុជាបានព្យាបាលអ្នកជំងឺបានរហូតដល់ ១០៣នាក់ ហើយភាគច្រើនអ្នកជាសះស្បើយជាជនបរទេសទៀតផង។ ជនបរទេស ដែលទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យកម្ពុជា មានការសប្បាយរីករាយយ៉ាងខ្លាំង និងបានត្រលប់ទៅស្រុកកំណើតរៀងៗខ្លួនផងដែរ។
ជាក់ស្តែងថ្មីៗនេះ យោងតាមការបញ្ជាក់ពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅលើបណ្តាញសង្គមហ្វេសប៊ុក បានបង្ហាញពីពាក្យពេចន៍ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យយើង របស់អ្នកជំងឺ Covid-19 ជនជាតិបារាំង ៤ នាក់ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានជាសះស្បើយនិងបានវិលត្រលប់ទៅផ្ទះវិញ
“អរុណសួស្តី លោកវេជ្ជបណ្ឌិត សួន យើងស្តាយណាស់ ដែលមិនបាននិយាយពាក្យបន្តិចបន្តួចថា អរគុណពួកអ្នករហូតមកដល់ពេលនេះ ឥឡូវពួកយើងបានមកដល់អាកាសយានដ្ឋានទីក្រុងសេអ៊ូលហើយ ដោយសារពួកយើងទាំងបួននាក់មានពេលវេលាខ្លីផង យើងសូមថ្លែងអំណរគុណអស់ពីបេះដូងចំពោះពួកអ្នកដែលបានថែទាំ ព្យាបាលជានិច្ចជាកាលពួកអ្នកផ្តល់ភាពកក់ក្តៅដល់ពួកយើងគ្រប់ពេលវេលា ពួកអ្នក មានគ្រូពេទ្យ គិលានុបដ្ឋាកគិលានុបដ្ឋាយិកាដ៍ល្អពួកយើងសូមអបអរសាទរ ជាថ្មីម្តងទៀតពួកយើងសូមអរគុណមួយពាន់ដងដល់ពួកអ្នកហើយពួកយើងមិនអាចបំភ្លេចបានឡើយនូវអំពើល្អរបស់ពួកអ្នក ពីយើងខ្ញុំ”៕

អត្ថបទ៖ សេម





