ក្មេងប្រុសជនជាតិខ្មែរ អាយុ១២ឆ្នាំម្នាក់ នៅខេត្តសៀមរាប បានជាសះស្បើយពីវីរុសកូវីដ-១៩ និងត្រូវអនុញ្ញាតអោយចេញពីមន្ទីរពេទ្យ
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយបានព្យាបាលអ្នកជាសះស្បើយបានចំនួន០៥នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់១០៣នាក់ ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលថយចុះនៅសល់ចំនួន១៩នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។

ទាក់ទងនឹងករណីអ្នកជាសះស្បើយផងដែរ ក្នុងនោះមានក្មេងប្រុសជនជាតិខ្មែរ អាយុ១២ឆ្នាំម្នាក់ (ឪពុករបស់ក្មេងប្រុសជាអ្នកវិលត្រឡប់មកពីពិធីសាសនានៅប្រទេសម៉ាឡេស៊ីបានជាចេញពីមន្ទីរពេទ្យរួចហើយដែរ) រស់នៅក្រុងសៀមរាប បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតអោយចេញពីមន្ទីរពេទ្យខេត្តសៀមរាប៕
