លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ សំណូមពរឲ្យប្រជាពលរដ្ឋយល់ពីតួនាទីរបស់លេខទូរស័ព្ទ ១១៥ និងលេខ ១១៩ ដើម្បីកុំអោយប្រើខុសគោលដៅ
កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានធ្វើសន្និសីទសារព័ត៌មានរបស់ក្រសួង ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងឱកាសនោះផងដែរ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាសន៍ធ្វើការបកស្រាយជុំវិញករណី ប្រជាពលរដ្ឋបានទូរស័ព្ទទៅលេខ ១១៥ ដើម្បអោយរថយន្តសង្គ្រោះមកយកពួកគាត់ទៅមន្ទីរពេទ្យ ដោយសារពួកគាត់មានអាការៈក្តៅខ្លួន តែបែរជាមិនឃើញរថយន្តសង្គ្រោះបន្ទាន់មកយកឡើយ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានមានប្រសាស៍ថា “សំណូមពរឲ្យអ្នកសារព័ត៌មានទាំងអស់ ត្រូវយល់ដឹងពីតួនាទីរបស់លេខទូរស័ព្ទ មុននឹងផ្សព្វផ្សាយជូនប្រជាពលរដ្ឋ។ លេខទូរស័ព្ទ១១៥ គឺជាលេខសម្រាប់ផ្តល់ជាចំណេះដឹង និងរាយការណ៍ករណីសង្ស័យរបស់ប្រជាពលរដ្ឋពាក់ព័ន្ធ (ជំងឺកូវីដ១៩ )ចំណែកឯលេខទូរស័ព្ទ ១១៩ គឺជាលេខសម្រាប់សង្គ្រោះបន្ទាន់ (មានដូចជាករណីដួលសន្លប់ គ្រោះថ្នាក់ចរាចរណ៍….) ទើបរថយន្តសង្គ្រោះបន្ទាន់ទៅយក។
ចំពោះករណីប្រជាពលរដ្ឋមានអាការៈក្តៅខ្លួន ខាង ១១៥ បានសំភាសន៍ជាមួយអ្នកជំងឺ ដើម្បីដឹងថាពួកគាត់មានសញ្ញាណអ្វីខ្លះ? បានប៉ះពាល់អ្វីខ្លះ? ទៅណាខ្លះ? ហើយតាមចម្លើយរបស់អ្នកជំងឺគឺ ពួកគាត់មិនមែនស្ថិតនៅក្នុងនិយមន័យ (កូវីដ១៩) ទេ ហើយខាងភ្នាក់បានសុំឲ្យពួកគាត់ធ្វើដំណើរដោយខ្លួនគាត់ទៅព្យាបាលនៅពេទ្យណាក៏បានដែរ ប៉ុន្តែពេលនោះសារព័ត៌មានទៅជាបន្ទោស ១១៩ បន្ទោស ១១៥ ទៅវិញ។ ហើយអ្នកជំងឺ ដែលមានកំដៅក្តៅនោះពេលយកមកពិនិត្យនៅមន្ទីរពេទ្យកាល់ម៉ែត្រ មានកំដៅតែ ៣៦អង្សាជាងប៉ុណ្ណោះ ហើយគាត់មិនសុខចិត្តព្យាបាលនៅកាល់ម៉ែត្រទេ គាត់ក៏ជិះកង់៣បន្តទៅព្យាបាលនៅពេទ្យឯកជន ឥលូវគាត់ព្យាបាលជា ដោយពេទ្យរកឃើញថា គាត់គ្រាន់តែឈឺកធម្មតាប៉ុណ្ណោះ”។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឲ្យដឹងថា ការផ្សាយរបស់សារព័ត៌មានចំនួន បានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍មន្ត្រីសុខាភិបាល ដែលខិតខំធ្វើការងារទាំងថ្ងៃទាំងយប់ តែបែរជាត្រូវទទួលការស្តីបន្ទោសពីប្រជាពលរដ្ឋទៅវិញ៕

អត្ថបទ៖ សេម