សាំងហ្គាពួររកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១,០១៦នាក់ទៀត ដែលនាំឱ្យករណីសរុបកើនដល់ជាង ១០,០០០នាក់
បើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ចំនួននៃករណីវីរុស COVID-19 នៅសាំងហ្គាពួរបានកើនឡើងដល់ ១០,០០០នាក់ ដោយមានករណីថ្មីចំនួន ១,០១៦នាក់ ត្រូវបានរាយការណ៍នៅរសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០។ ភាគច្រើននៃករណីថ្មីគឺអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។

ក្នុងចំណោមករណីថ្មីចុងក្រោយនេះទាំងអស់នេះ មានតែ ១៥ករណីប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅជាអចិន្ត្រៃយ៍ ក្រៅពីនោះគឺសុទ្ធតែចេញពីបណ្តុំផ្ទះជួលពលករបរទេស។ តួលេខចុងក្រោយនាំឱ្យសាំងហ្គាពួរ មានករណីសរុបរហូតដល់ទៅ ១០,១៤១ករណី។
ក្រសួងសុខាភិបាលបាននិយាយថា៖«យើងកំពុងធ្វើការលើសេចក្តីលម្អិតនៃករណីទាំងនេះ ហើយព័ត៌មានថ្មីៗនឹងត្រូវបានចែករំលែក តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវចេញផ្សាយនៅយប់នេះ»។
លោកនាយករដ្ឋមន្រ្តី Lee Hsien Loong នៅថ្ងៃអង្គារនេះ ក៏បានប្រកាសថា សាំងហ្គាពួរនឹងបន្តបំរាមចេញក្រៅរបស់ខ្លួន ដើម្បីទប់ទល់វីរុស COVID-19 រហូតដល់ទៅ ៤សប្តាហ៍ ពោលគឺរហូតដល់ថ្ងៃទី០១ មិថុនា។ វិធានការណ៍តឹងរឹងដូចជា៖ ការបិទកន្លែងធ្វើការ និងការរឹតត្បិតការចូលផ្សារដែលមានមនុស្សច្រើន ក៏ត្រូវបានប្រកាសផងដែរ៕




អត្ថបទ៖ លីដា
ប្រភព៖ CNA