អគ្គិសនីកម្ពុជា អំពាវនាវកុំអោយពលរដ្ឋរិះគន់តាម Facebook ករណីគីឡូភ្លើងឡើងខុសធម្មតា បើមានបញ្ហាសូមទាក់ទងទៅលេខ 1298 រឺទៅសាខាផ្ទាល់
កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញថាអគ្គិសនីកម្ពុជា ហៅកាត់ថា EDC បានចេញសេចក្តីបំភ្លឺស្ទើររាល់ថ្ងៃ ករណីអ្នកលេង Facebook នាំគ្នារិះគន់ថា គីឡូភ្លើងនិងការប្រើប្រាស់អគ្គិសនី កើនឡើងច្រើនជាងធម្មតា។ ក្នុងសេចក្តីបំភ្លឺនេះដែរ អគ្គិសនីកម្ពុជា ក៏បានបញ្ជូនមន្ត្រីជំនាញរបស់ខ្លួន ចុះទៅត្រួតពិនិត្យប្រព័ន្ធនាឡិកាស្ទង់ ហើយក៏បានបង្ហាញថា ប្រព័ន្ធនាឡិកាស្ទង់ ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ ដំណើរការធម្មតា។

ចំពោះការកើនឡើងនៃគីឡូភ្លើង គឺអាស្រ័យលើការប្រើប្រាស់និងឧបករណ៍ប្រើប្រាស់របស់អតិថិជនប៉ុណ្ណោះ។ ក្នុងនោះដែរ អគ្គិសនីកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំធ្វើការរិះគន់តាមបណ្តាញសង្គម Facebook ព្រោះវាមិនមែនជាដំណោះស្រាយនោះទេ ដូចនេះប្រសិនបើអតិថិជនមានចម្ងល់ ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី សូមអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឲ្យអគ្គិសនី កម្ពុជាដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ៕


