ពលរដ្ឋបន្តរិះគន់រឿងគីឡូភ្លើងឡើងខុសធម្មតា ហើយអគ្គិសនីកម្ពុជា បកស្រាយបំភ្លឺស្ទើររាល់ថ្ងៃ និងបន្តអំពាវនាវកុំអោយពលរដ្ឋរិះគន់តាម Facebook ព្រោះវាមិនមែនជាដំណោះស្រាយទេ
ទោះបីជាអគ្គិសនីកម្ពុជា ហៅកាត់ថា EDC បានបន្តអំពាវនាវនៅក្នុងសេចក្តីបំភ្លឺរបស់ខ្លួន កុំអោយពលរដ្ឋធ្វើការរិះគន់នៅលើបណ្តាញសង្គម Facebook យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួននៅតែបន្តធ្វើការរិះគន់ ចំពោះករណីគីឡូភ្លើង និងការប្រើប្រាស់របស់ពួកគាត់ឡើងខុសពីរាល់ដង។ ថ្វីត្បិតថានៅតែមានការរិះគន់ ក៏អគ្គិសនីកម្ពុជា បន្តការងាររបស់ខ្លួនដោយបញ្ជូនមន្ត្រីជំនាញ ទៅធ្វើការពិនិត្រជូនអតិថិជនដល់គេហដ្ឋាន និងធ្វើការបកស្រាយបំភ្លឺនៅលើ Facebook ផ្លូវការអគ្គិសនីកម្ពុជា ស្ទើររាល់ថ្ងៃ។

ជាស្តែងនៅមុននេះបន្តិចអគ្គិសនីកម្ពុជា ក៏បានបកស្រាយបំភ្លឺមួយចំពោះម្ចាស់គណនី Facebook ឈ្មោះ Khem Chamrenkaruna ដែលមានឈ្មោះនៅលើវិក្កយបត្រអគ្គិសនី KHATH NARIN ឲ្យបានជ្រាបថា៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩:០០នាទី ក្រុមការងារបានចុះពិនិត្យឃើញថា ប្រព័ន្ធនាឡិកាស្ទង់ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ដំណើរការធម្មតា។ សម្ភារប្រើប្រាស់របស់អតិថិជនមាន ម៉ាស៊ីនត្រជាក់ ០២គ្រឿង កង្ហារ ០២គ្រឿង ទូរទឹកកក ០១គ្រឿង ម៉ូទ័របូមទឹក ០១គ្រឿង និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត។ អតិថិជនទទួលស្គាល់ និងឯកភាពលើលទ្ធផលនៃការត្រួតពិនិត្យរបស់ក្រុមការងារ ។
ការរិះគន់តាមបណ្តាញសង្គម Facebook មិនមែនជាដំណោះស្រាយនោះទេ ដូចនេះប្រសិនបើអតិថិជនមានចម្ងល់ ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី សូមអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឲ្យអគ្គិសនី កម្ពុជាដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ។ អាស្រ័យហេតុនេះសូមអតិថិជន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ៕



