ចិនបើករថយន្ត LEXUS ឡើងស្ពាន លឿនពេកជ្រុលបុករថយន្តធុនធំលាន់ដូចរន្ទះ ខ្ទេចរថយន្តខ្លួនឯងអស់មួយកំណាត់មុខ បើកទៅមុខលែងរួច ទុកចោលលើស្ពានជ្រោយចង្វារជិត២ម៉ោង
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយ បុរសជនជាតិចិនពីរនាក់ ទំនងជាស្រវឹង បានបើករថយន្តឡិចស៊ីស (LEXUS RX300) ក្នុងល្បឿនលឿន ឡើងស្ពានមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តធុនធំសណ្ដោងកុងតឺន័រពេញមួយទំហឹង បណ្តាលឲ្យរងការខូចខាតខ្ទេចរថយន្តរបស់ខ្លួនមួយកំណាត់មុខស្ទើរទាំងស្រុង បើកទៅមុខលែងរួច ហើយរថយន្តធុនធំសណ្ដោងកុងតឺន័រ មិនមានខូតខាតអ្វីទេ ព្រោះសុទ្ធតែដែកក៏បានបន្តដំណើរទៅបាត់បន្សល់ទុករថយន្ត ដែលបើកលែងទៅមុខនោះទទឹងផ្លូវកណ្ដាលស្ពានតែម្ដង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង៤០ទៀបភ្លឺ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០នេះ នៅចំណុចលើស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ជ្រោយចង្វារ) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តធុនធំសណ្ដោងកុងតឺន័រមួយគ្រឿង (មិនចាំស្លាកលេខ) កំពុងធ្វើបើកបរទិសដៅពីលិចទៅកើតក្នុងល្បឿនសន្សឹមៗ មកដល់ជិតពាក់កណ្ដាលស្ពាន ដែលជាចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស(LEXUS RX300) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AP-5964 បើកបរដោយបុរសជនជាតិចិន២នាក់ ទំនងជាស្រវឹង បានធ្វើដំណើរឡើងស្ពានមកស្របទិសគ្នាក្នុងល្បឿនលឿនពេក ក៏ជ្រុលទៅបុកពីក្រោយរថយន្តធុនធំសណ្ដោងកុងតឺន័រពេញទំហឹងតែម្ដង ទើបបណ្តាលឲ្យរថយន្តខ្លួនឯង រងការខូចខាតខ្ទេចមួយកំណាត់ផ្នែកខាងមុខ ចំណែករថយន្តសណ្ដោងកុងតឺន័រ មិនមានអ្វីខូចខាតទេ ហើយក៏មិនចង់វែងឆ្ងាយ ទើបបន្តដំណើរទៅមុខបាត់ បន្សល់ទុករថយន្តដែលបើកលែងទៅមុខនោះទទឹងផ្លូវ កណ្ដាលស្ពានតែម្ដង និងមិនបណ្ដាលអោយមនុស្សរងរបួសនោះទេ ។ ហេតុការណ៍នេះសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្រះចក នៃអធិការដ្ឋានខណ្ឌដូនពេញ មិនបានចុះទៅពិនិត្យមើលឡើយ ដោយទុកអោយអ្នកធ្វើដំណើរឡើងស្ពាន បើកគេចគ្នាសឹងមិនទាន់ ព្រោះមិនឃើញមានសមត្ថកិច្ចណា ចុះជួយសម្រួលចរាចរណ៍ ឬអូសរថយន្តនោះអែបខាងសិនឡើយ ។
ប្រហែលជិត២ម៉ោងក្រោយពេលកើតហេតុ រថយន្តដែលខ្ទេចមួយកំណាត់មុខ បើកទៅមុខលែងរួចទុកចោលនៅលើស្ពាននោះ ត្រូវបានជនជាតិចិនម្ចាស់រថយន្តខាងលើ ទំនាក់ទំនងរករថយន្តមកស្ទូចយកចេញ ទៅជួសជុលខ្លួនឯងបាត់ទៅ៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត