នាវាអ៉ីតាលី Costa Atlantica ដែលចតនៅជប៉ុន ពេលនេះមានអ្នកឆ្លងវីរុសកូវីដ១៩ កើនដល់ប្រហែល ១៥០នាក់
ជប៉ុន៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសៅរ៍នេះថា មានករណីឆ្លងវីរុស COVID-19 ថ្មីជិត ៦០ករណី ក្នុងចំណោមសមាជិកនាវិកនៃនាវាអ៉ីតាលី Costa Atlantica ដែលបានចូលចតនៅក្នុងប្រទេសជប៉ុនដើម្បីជួសជុល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ សម្រាប់ថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០។

ជាមួយនឹងការធ្វើតេស្តលើសមាជិកនាវិកបានគ្រប់គ្នាអស់ ពេលនេះចំនួនថ្មីដែលត្រូវបានរាយការណ៍ដោយទូរទស្សន៍សាធារណៈ NHK បានបញ្ជាក់ថា នាវា Costa Atlantica មានអ្នកឆ្លងវីរុសប្រហែល ១៥០នាក់ ពោលគឺប្រហែលមួយភាគបួននៃសមាជិកនាវិកចំនួន ៦២៣នាក់របស់នាវា។ ទូរទស្សន៍ Asahi បានចុះផ្សាយថា មានអ្នកឆ្លងថ្មី ៥៧នាក់ ត្រូវបានគេរកឃើញពីនាវា។
ចង្កោមនៃការឆ្លងនៅលើនាវាដែលបានចូលចតនៅផែណាហ្គាសាគី កើតឡើងនៅពេលមន្ទីរពេទ្យផ្នែកខ្លះនៅជប៉ុនកំពុងជិតអស់គ្រែអ្នកជំងឺ ខណៈចំនួនករណីឆ្លងវីរុសកើនឡើងដល់ ១២,៨០០នាក់ និងមនុស្ស ៣៤៥នាក់បានស្លាប់៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ