អាសូរណាស់! ២នាក់បងប្អូនជីដូនមួយចុះងូតទឹកនៅកោះខ្សាច់ កន្លែងបូមខ្សាច់ចាក់ទប់ច្រាំងទន្លេ បែររអិលជើងចូលអន្លង់ទឹកជ្រៅ ជួយបានតែបងប្រុស ឯប្អូនស្រីអាយុ៨ឆ្នាំលង់ក្នុងទឹកស្លាប់យ៉ាងអាណោចអាធ័ម
ខេត្តកណ្ដាល ៖ ក្មេងស្រីអាយុ៨ឆ្នាំម្នាក់លង់ទឹកស្លាប់ និងក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ទៀត ត្រូវបានគេជួយសង្គ្រោះទាន់ បន្ទាប់ពីពួកគេទាំង២នាក់ជាបងប្អូនជីដូនមួយ បាននាំគ្នាទៅលេងកោះខ្សាច់ ហើយចុះងូតទឹកលេង បែរជារអិលជើងធ្លាក់ចូលអន្លង់ទឹកជ្រៅ ហើយស្រវេស្រវាស្រែកហៅឲ្យគេជួយ ភ្លាមនោះអ្នកលេងទឹកជិតនោះ នាំគ្នាទៅជួយបានតែក្មេងប្រុសម្នាក់ ស្រង់មកលើគោក ចំណែកក្មេងស្រីម្នាក់ទៀតជួយមិនទាន់ទេ បានលង់លិចទៅក្នុងទឹកបាត់ទៅ ទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកជិតខាងជាច្រើននាក់បានចុះទៅជួយរាវរក ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥:២០នាទីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅចំណុចកោះខ្សាច់មាត់ទន្លេមេង្គ ស្ថិតក្នុងភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្តាល។
កុមារីជនរងគ្រោះឈ្មោះ ពៅ ដាលីស ភេទស្រី អាយុ៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ មានឪពុកឈ្មោះ ឃុន ពៅ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ និងម្ដាយឈ្មោះ ឡី នួន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិលើ ឃុំកោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
យោងតាមប្រភពសមត្ថកិច្ចបានឲ្យក្រុមការងារខ្មែរណូតដឹងថា វេលាម៉ោង១៦និង៤០នាទី នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឈ្មោះ គាំ សីហា ភេទប្រុស អាយុ១៤ឆ្នាំ បានជិះម៉ូតូឌុប ឈ្មោះ ពៅ ដាលីន ជាបងប្អូនជីដូនមួយនឹងគ្នាចេញពីផ្ទះទៅលេង នៅចំនុចកោះខ្សាច់មាត់ទន្លេមេគង្គ ដែលជាកន្លែងកើតហេតុខាងលើ លុះពេលទៅដល់ក្មេងស្រី ដែលជាប្អូនបានបបួលគ្នាចុះមុជទឹកទន្លេ បន្ទាប់មកអ្នកទាំងពីរបានដើរចុះទៅមុជទឹកទាំងពីរនាក់។ រហូតដល់វេលាម៉ោង១៧:២០នាទីថ្ងៃខែឆ្នាំដដែល អ្នកទាំងពីរក៏រអិលជើងធ្លាក់ចូលអន្លង់ទឹកជ្រៅ ពេលនោះអ្នកទាំងពីរក៏លង់ទឹកហើយស្រវេស្រវាឲ្យគេជួយ ឃើញដូចនេះអ្នកទៅលេងទឹកនៅជិតនោះ មិនស្គាល់ឈ្មោះ បានទៅជួយឈ្មោះ គាំ សីហា ស្រង់មកលើគោក ចំណែកឈ្មោះ ពៅ ដាលីន បានលង់លិចទៅក្នុងទឹកបាត់ជួយមិនទាន់ទេ។
បន្ទាប់មកក្មេងប្រុសដែលជាបងជីដូនមួយ បានជិះម៉ូតូមកផ្ទះប្រាប់ក្រុមគ្រួសារ ហើយអ្នកជិតខាងជាច្រើននាក់បានចុះទៅជួយរាវរកជនរងគ្រោះ រហូតដល់វេលាម៉ោង១៨:៣០នាទីថ្ងៃដដែល ទើបរកឃើញជនរងគ្រោះហើយនាំគ្នាជួយសង្គ្រោះបឋម រហូតដល់មន្ទីរពេទ្យ តែអកុសលក្មេងស្រីរងគ្រោះបានស្លាប់ទៅហើយ។
បើតាមការផ្ដល់ព័ត៌មានមួយទៀតក៏បានឲ្យក្រុមការងារខ្មែរណូតយើងដឹងថា នៅកន្លែងកើតហេតុនោះ ជាកន្លែងបូមខ្សាច់ចាក់ទប់ច្រាំងទន្លេ រាល់ពេលរសៀល អ្នកភូមិជាច្រើនបាននាំគ្នាទៅរាវលៀស និងខ្លះទៀតទៅលេងកំសាន្តនៅទីនោះ។
ក្មេងស្រីដែលស្លាប់ជាក្មេងម្នាក់ ក្នុងចំណោមបងប្អូន២នាក់ ដែលលួចទៅងូតទឹកលេង មិនអោយឪពុកម្តាយ បងប្អូនដឹង (ឪពុកម្តាយ មីងមា តែងហាមជារឿយៗ)។ នៅកន្លែងលេងទឹកនោះ អ្នកភូមិមិនបានចាប់អារម្មណ៍ទេ ដោយគិតថាទៅជាមួយឪពុកម្តាយ ដូចក្មេងឯទៀត។ នៅពេលលង់នោះ ក្មេងប្រុសជាបងជីដូនមួយអាយុប្រហែលគ្នា ក៏បានរត់ទៅផ្ទះចម្ងាយជាង1គីឡូម៉ែតហៅមីងមាមកជួយ ដោយមិនបានប្រាប់គេឯងនៅក្បែរនោះអោយដឹងទេ។ តែទំរាំដល់ផ្ទះមកដល់ ក៏ឆោឡោឡើង រត់មករក្មេងដែលលង់ តែរកមិនឃើញទេ ព្រោះលិចបាត់ហើយ ក៏ពឹងអ្នកស្រុកទៅយកអួនមករាវរក។ ភ្លាមនោះ អ្នកភូមិក៏អូសអួនបានក្មេងនោះមក តែហួសពេលទៅហើយ បើទោះបីមានគេជួយលើករលាក់ទឹក សង្កត់ធ្វើចលនាដង្ហើម ដើម្បីជួយសង្គ្រោះបឋមក្តី។ បន្ទាប់មក ផ្នែកជំនាញធ្វើកោសល្យវិច័យបានបញ្ជាក់ថា ក្មេងបានស្លាប់ទៅហើយ ព្រោះការលង់នេះយូរម៉ោងពេក (ពីម៉ោង៥ រហូតដល់ម៉ោង៦:៣០នាទីល្ងាច ទើបរកក្មេងឃើញ)។
បន្ទាប់ពីទទួលបានព័ត៌មាននេះ ផ្នែកជំនាញពិនិត្យហេតុស្រុក ដោយសហការជាមួយកម្លាំងប៉ុស្តិ៍ គ្រូពេទ្យ ក្រុមប្រឹក្សាឃុំ និងគ្រួសារសព បានពិនិត្យសាកសពដោយហ្មត់ចត់ ឃើញសាកសពមានសភាពពោះប៉ោង មានទឹកហូរចេញតាមមាត់ ក្រៅពីនេះពុំស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ ដោយបញ្ជាក់ជនរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
បច្ចុប្បន្ន ក្រោយពីធ្វើកោសល្យវិច័យរួចរាល់សមត្ថកិច្ចក៏បានប្រគល់សពក្មេងស្រីរងគ្រោះ ជូនក្រុមគ្រួសារសពធ្វើបុណ្យប្រពៃណី៕

អត្ថបទ&រូបភាព៖ បងម៉េង ខ្មែរណូត