ប្រទេសទួរគីពេលនេះមានករណីឆ្លងកូវីដ១៩ រហូតដល់ទៅជាង ១១០,០០០ករណី
តាមការចុះផ្សាយរបស់ NHK នាថ្ងៃច័ន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសទួរគីពេលនេះមានអ្នកឆ្លងវីរុស COVID-19 ចំនួន ១១០,១៣០ករណី។ តួលេខនេះបានធ្វើឱ្យទួរគីជាប់ចំណាត់ថ្នាក់ទី៧ នៅទូទាំងពិភពលោក ក្នុងចំណោមប្រទេសដែលមានការឆ្លងរាលដាលខ្លាំងបំផុត នេះបើតាមតារាងរបស់សាកលវិទ្យាល័យ Johns Hopkins ។

រដ្ឋាភិបាលទួរគីបានពង្រឹងវិធានការបិទទ្វាររបស់ខ្លួនជាដំណាក់កាល ដើម្បីបញ្ឈប់ការរីករាលដាលនេះ។ បច្ចុប្បន្ននេះមនុស្សដែលមានអាយុ ៦៥ឆ្នាំ ឬចាស់ជាងនេះ ក៏ដូចជាអ្នកដែលមានអាយុក្រោម ២០ឆ្នាំ ត្រូវបានហាមឃាត់មិនឱ្យចេញទៅក្រៅទេ។ ហើយការរឹតបន្តឹងត្រូវបានពង្រីកនៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកសម្រាប់មនុស្សគ្រប់វ័យ។
ទន្ទឹមនឹងនេះករណីថ្មីៗបានធ្លាក់ចុះជាបណ្តើរៗនៅក្នុងប្រទេសទួរគី ចាប់តាំងពីមានមនុស្ស ៥,១៣៨នាក់ ត្រូវបានរាយការណ៍នៅថ្ងៃទី១១ ខែមេសា។ មានករណីថ្មីៗតិចជាង ៣,០០០ ករណីប៉ុណ្ណោះនៅសប្តាហ៍កន្លងទៅ។ ប៉ុន្តែយ៉ាងណាទួរគីមិនប្រាកដថា តើករណីឆ្លងវីរុស COVID-19 របស់ខ្លួននឹងបន្តធ្លាក់ចុះ ឬនៅពេលណានឹងអាចបើកទ្វារសេដ្ឋកិច្ចឡើងវិញនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ NHK