កាន់តែក្តៅហើយ ! ករណីជនជាតិអាមេរិក ប្តឹងលោក អ៊ុក បញ្ញា ថាលួចយកដីគាត់ទៅលក់ ពេលនេះត្រូវបានសម្តេចតេជោ អន្តរាគមន៍ដោយផ្ទាល់
ករណីជនបរទេសម្នាក់មានឈ្មោះថា obrien georger allen ជនជាតិអាមេរិកកាំង ជាអ្នកនេសាទម្នាក់នៅ រដ្ឋអាឡាស្កា និងជាមនុស្សកំព្រា ម្ដាយឪពុកស្លាប់អស់ គ្មានបងប្អូន ប្រពន្ធកូនឡើយ ដោយគាត់បានស្រលាញ់កម្ពុជានឹងចង់រស់នៅរហូតដល់ស្លាប់នៅកម្ពុជាទើបសម្រេចចិត្តលក់ទូកនេសាទនិងទ្រព្យសម្បត្តិបានសរុបប្រម៉ាណ ជាង៣០ម៉ឺនដុល្លា និងពឹងពាក់ប្អូនធម៌ជាជនជាតិខ្មែរ មានឈ្មោះថា អ៊ុក បញ្ញា ដើម្បីជួយឈរឈ្មោះទិញដី ដើម្បីបានរស់នៅខ្មែរ ក្រោយមកក៏ត្រូវបានឈ្មោះថា អ៊ុក បញ្ញា ឆបោកគាត់យកដីទាំងអស់ ធ្វើអោយគាត់បានរលាយគ្រប់យ៉ាងហើយគាត់បានប្ដឹងទៅតុលាការដើម្បីរកយុត្តិធម៌ តែតុលាការបានតម្កល់រឿងឥតចាត់ការ។

ក្រោយមានការចោទប្រកាន់ថាតុលាការបានតម្កល់រឿងជនបរទេសរូបនេះ ឥតចាត់ការរួចមក អ្នកនាំពាក្យនៃអយ្យការ អមសាលាដំបូងខេត្តកំពត បានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា អង្គហេតុខាងលើជាវិវាទរដ្ឋប្បវេណី ដែលជាហេតុធ្វើអោយតំណាងអយ្យការសាលាដំបូងខេត្តកំពត សម្រេចតម្កល់រឿងទុកឥតចាត់ការ។ ករណីនេះដែរក៏ត្រូវបានដឹងលឺដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយពេលនេះសម្តេចកំពុងធ្វើការអន្តរាគមន៍ដោយផ្ទាល់ផងដែរ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ដួង តារា នៅលើទំព័រ Facebook ផ្លូវការរបស់គាត់។

ឯកឧត្តម ដួង តារា បានបញ្ជាក់ផងដែរថា៖ “អរគុណសន្តិភាព អរគុណសម្តេចតេជោ អរគុណបងប្អូនទាំងអស់គ្នា ករណីលោក ថម (O’BRIEN GEORGE ALLEN) នៅកំពត នៅពេលដែលខ្ញុំបានស្តាប់សាច់រឿងគាត់អស់ហើយ ខ្ញុំក៏បានជម្រាបជូនទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលពេលនេះកំពុងស្ថិតនៅក្នុងអន្តរាគមន៍ផ្ទាល់ពីសម្តេចប្រមុខដឹកនាំ។ សម្តេចតេជោ ហ៊ុន សែន លោកតែងតែមានក្តីសណ្តោស និងព្រហ្មវិហារធម៍ធំធេងបំផុតទាំងចំពោះពលរដ្ឋខ្មែរ ក៏ដូចជាពលរដ្ឋបទេសដែលមកលេងស្រុកយើង ឬក៏មករស់នៅប្រកបការងារតូចធំនៅក្នុងប្រទេសយើង។ កម្ពុជាក្រតូចមែន តែបេះដូងកម្ពុជាពោរពេញដោយក្តីស្រឡាញ់មហាធំធេងបំផុត។ មានសម្តេចដឹកនាំប្រទេស គឺកម្ពុជានិងជនបរទេសមានភាពកក់ក្តៅគ្រប់ៗគ្នា។ សូមអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមជួយជាទឹកចិត្ត និងផ្តល់ក្តីបារម្ភចំពោះលោកថម ។ យើងទុកភារកិច្ចនេះជូនប្រមុខដឹកនាំដើម្បីដោះស្រាយជូនគាត់។ ហើយក៏សូមជូនពរលោកថម និងបងប្អូនទាំងអស់រស់នៅប្រកបការងារបានសុខសប្បាយនៅក្នុងប្រទេសកម្ពុជា។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង ដោយគ្មានការរើសអើង!”

