តួលេខ៣ខ្ទង់រាល់ថ្ងៃ! សាំងហ្គាពួររកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ៧៦៨ នាក់ នាំឱ្យករណីសរុបហក់ឡើងដល់ ២១,៧០៧ នាក់
យោងតាមការចុះផ្សាយរបស់ Channel News Asia បានឱ្យដឹងថា នៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០នេះ សាំងហ្គាពួររកឃើញករណីថ្មីនៃវីរុស COVID-19 ចំនួន ៧៦៨ ករណី ដែលគិតជាចំនួនសរុបប្រទេសនេះមានដល់ទៅ ២១,៧០៧ ករណី។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ភាគច្រើននៃអ្នកទាំងនេះគឺនៅតែជាអ្នកកាន់ប័ណ្ណការងារ ដែលពួកគេស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស (បន្ទប់ជួល) ហើយមានតែ ១០ ករណី ប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។ ក្រសួងបាននិយាយថា ព័ត៌មានលម្អិតនឹងត្រូវបានចែករំលែកនៅពេលរាត្រី។

កាលពីថ្ងៃព្រហស្បតិ៍ក្រសួងសុខាភិបាលបានប្រកាសថា អ្នកជំនាញផ្នែកសុខភាពម្នាក់ដែលបានចុះទៅប្រចាំការនៅមណ្ឌលថែទាំសហគមន៍ បានធ្វើតេស្តវិជ្ជមានជាមួយវីរុស COVID-19 ហើយគាត់គឺជាអ្នកបម្រើសុខភាពទី៤ ដែលបានឆ្លងវីរុសនេះ។ នៅថ្ងៃទី០១ ខែមិថុនា ខាងមុខនេះ បំរាមរឹតត្បឹតនឹងត្រូវបន្ធូរបន្ថយ ប៉ុន្តែយ៉ាងណាគេឃើញមានហាងមួយចំនួនចាប់ផ្ដើមបើកជាបណ្ដើរៗហើយ។ មជ្ឈមណ្ឌល Megamall Mustafa ដែលធ្លាប់ជាទីតាំងមានការផ្ទុះឡើងនៃវីរុស COVID-19 ក៏បានបើកផ្សារទំនើបរបស់ខ្លួនឡើងវិញដែរ ពោលគឺជាងមួយខែបន្ទាប់ពីត្រូវបានបិទ៕



អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia