ថៃមានករណីកូវីដ១៩ ថ្មីក្រោម ១០ករណី ៣ថ្ងៃជាប់ៗគ្នា ហើយថ្ងៃនេះមានតែ ៩ករណីប៉ុណ្ណោះ
សារព័ត៌មាន Nation Thailand នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 របស់រដ្ឋាភិបាលថៃបានរាយការណ៍ថា ប្រទេសថៃមានករណីវីរុស COVID-19 ក្រោម ១០ករណី ៣ថ្ងៃជាប់ៗគ្នាមកហើយ ដោយថ្ងៃនេះផ្ទាល់មានករណីថ្មីចំនួន ៩ ត្រូវបានបញ្ជាក់ ហើយគ្មានករណីស្លាប់នោះទេ។

តួលេខថ្មីនេះនាំឱ្យចំនួនករណីសរុបរបស់ថៃកើនឡើងដល់ ២,៩៤៧នាក់ និងករណីស្លាប់ទៅតែ ៥៤នាក់ដដែល។ ករណីថ្មីៗអាចត្រូវបានបែងចែកជា២ក្រុម៖
– ក្រុមទី១ មាន ៦នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយករណីមុនៗ ដោយមាន ៣ករណី នៅទីក្រុងបាងកក និង ៣នាក់ទៀតនៅភូកេត។
– ក្រុមទី២ មាន ៣នាក់ ដោយមាន ២នាក់ គឺជាបុគ្គលិកពេទ្យ ខណៈដែលករណី ១ផ្សេងទៀតស្ថិតក្រោមការស៉ើបអង្កេតនៅឡើយ។
រហូតដល់ថ្ងៃទី២៩ ខែមេសានេះ មានអ្នកជំងឺ ២,៦៦៥នាក់ បានជាសះស្បើយនិងបានរំសាយទៅផ្ទះ និងសល់តែ ២២៨នាក់ ប៉ុណ្ណោះដែលបន្តស្ថិតក្រោមការព្យាបាល៕



អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand