អ្នកឆ្លងកូវីដ១៩ ជាសកលពេលនេះមានជិត ៣.២ លានករណី ហើយអ្នកស្លាប់មានច្រើនជាង ២២ម៉ឺននាក់
ទិន្នន័យចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins នៅសហរដ្ឋអាមេរិក បានបង្ហាញថា ចំនួននៃការឆ្លងវីរុស COVID-19 ដែលបានបញ្ជាក់នៅទូទាំងពិភពលោក បានកើនឡើងច្រើនជាង ៣.១ លាននាក់ ។ សាកលវិទ្យាល័យបាននិយាយថា ចំនួនករណីសរុបទូទាំងពិភពលោកបានកើនឡើងដល់ ៣,១៧០,៣៣៥ គិតត្រឹមថ្ងៃពុធ ម៉ោង ១៨ និង ៣០នាទី (ម៉ោងនៅអាមេរិក)។ នេះបើតាមសារព័ត៌មានជប៉ុន NHK ក្នុងរបាយការណ៍ប្រចាំថ្ងៃ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។

សហរដ្ឋអាមេរិកឈរនៅលើគេក្នុងបញ្ជីមានការឆ្លងច្រើនបំផុត ជាមួយនឹងចំនួនឆ្លង ១,០២៧,២៩៥ ករណី។ ឆ្លងច្រើនទី២ គឺប្រទេសអេស្ប៉ាញ ដែលមានចំនួន ២៣៦,៨៩៩នាក់។ ទី៣គឺប្រទេសអ៉ីតាលី ជាមួយការឆ្លង ២០៣,៥៩១ និងបារាំងមាន ១៦៩,០៥៣នាក់ ខណៈអង់គ្លេសមាន ១៦៦,៤៤០នាក់។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោកមានសរុបចំនួន ២២៤,៧០៨ នាក់ ដោយសហរដ្ឋអាមេរិកមានអ្នកស្លាប់ច្រើនបំផុតគឺ ៥៩,៣៩២នាក់។ ស្លាប់ច្រើនទី២ គឺប្រទេសអ៉ីតាលី ដែលមានចំនួន ២៧,៦៨២នាក់ និងទី៣ គឺអង់គ្លេស ២៦,០៩៧នាក់។ តមកទៀតគឺអេស្ប៉ាញ ២៤,២៧៥នាក់ និងបារាំងចំនួន ២៣,៦៦០នាក់៕




អត្ថបទ៖ លីដា
ប្រភព៖ NHK