សិល្បៈ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរគុណ អ្នកនាងម៉េង កែវពេជ្ជតា និងក្រុមគ្រួសារ ឧបត្ថម្ភថវិកា ៥ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា, អ្នកនាងក៏បានរៀបរាប់ដូច្នេះថា….

BY
Khmernote Media
May 2, 2020

រាជធានីភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកនាង ម៉េង កែវពេជ្ជតា និងលោក ទីវ វឌ្ឍនា និងបុត្រាបុត្រី ដែលបានឧបត្ថម្ភថវិកា ៥,០០០ដុល្លារ (ប្រាំពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំ ស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»៕

ជាមួយគ្នានេះដែរអ្នកនាង ម៉េង កែវពេជ្ជតា ក៏បានសរសេររៀបរាប់លើគណនេយ្យហ្វេសប៊ុករបស់ខ្លួនដែលមានខ្លឹមសារទាំងស្រុងដូច្នេះថា :ខែកំណើតខ្ញុំឆ្នាំនេះ ខ្ញុំបាន : ១. ចូលរួមថវិកាជូនដល់រាជរដ្ឋាភិបាលយុទ្ធនាការការពារទប់ស្កាត់មេរោគ Covid-19 ២.ចូលរួមថវិកាជាមួយកាកបាតក្រហមកម្ពុជា ។ ក្នុងនាមជាពលរដ្ឋខ្មែរ ដែលស្ថិតក្នុងប្រទេសមួយមានក្តីសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍ ខ្ញុំត្រូវតែនឹកឃើញដល់គុណបំណាច់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងកាកបាតក្រហមកម្ពុជា ដែលលោកតែងបានបំពេញតួនាទីជាឪពុកជាម្តាយ និងជាស្ថាប័ន សប្បុរសធម៌បានយ៉ាងល្អរហូតមក ។

ក្នុងនាមខ្ញុំជាសិល្បៈការនីដែលទទួលបាននូវក្តីអាណិតស្រលាញ់ រួមទាំងការគាំទ្រដ៏លើសលប់រយៈជិត៤០ឆ្នាំ នៃវិថីសិល្បៈរបស់ពេជ្ជតាអំពីបងប្អូនទស្សនិកជន អំពីហ្វ៊ែន ខ្ញុំត្រូវតែនឹកដល់ទឹកចិត្តដ៏វិសេសវិសាលរបស់ពួកគាត់ ។ គឺទាំងអស់នេះហើយដែលធ្វើអោយខ្ញុំសម្រេចចិត្តចូលរួមជាមួយសកម្មភាពមនុស្សធម៌ដោយក្តីសោមនស្សបំផុតដើម្បី ជាការចង់ជួយចែករំលែកភាពលំបាកហត់នឿយរបស់រាជរដ្ឋាភិបាលក្នុងកិច្ចដឹកនាំ ការពារប្រទេសអោយផុតពីភាពអាសន្ននៃជំងឺឆ្លង ដែលពិភពលោកទាំងមូល កំពុងជួបប្រទះ និងចង់ចូលរួមសកម្មភាពមនុស្សធម៌ ជាមួយកាកបាតក្រហមកម្ពុជា ទោះតិចក្តីច្រើនក្តី ។ គឺជាការឆ្លើយតបទៅនឹងទឹកចិត្តស្រលាញ់គាំទ្រអំពីបងប្អូនទស្សនិកជន រួមទាំងហ្វ៊ែនរាប់លាននាក់របស់នាងខ្ញុំ ដែលពួកគាត់ជាប្រជាជាតិខ្មែរតែមួយ និងជាមនុស្សដូចគ្នាមិនថាជាតិសាសន៍អ្វីដែលយើងរស់នៅលើផែនដីតែមួយនេះ ។

ក្នុងនាមនាងខ្ញុំដែលបានទទួលការកោតសរសើរអំពីប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាងខ្ញុំពិតជាមានមហាកិត្តិយសខ្លាំងបំផុតរហូតនឹកស្មានមិនដល់ ។ កូនស្រីពិតជារំភើបរីករាយណាស់ដែលមានសំណាងបានធ្វើបុណ្យរួមជាមួយពុកម៉ែ អនុស្សាវរីយនេះ កូនស្រីនឹងឆ្លាក់ជាប់ក្នុងដួងចិត្តតដល់កូនដល់ចៅ ចៅទួត និងរហូតតទៅ ។ កូនស្រីតំណាងអោយក្រុមគ្រសារទាំងមូល សូមគោរពថ្លែងនូវអំណអរគុណចំពោះសម្តេចពុក សម្តេចម៉ែជាទីគោរពស្រលាញ់ដោយក្តីស្មោះត្រង់ និងមិនអាចបំភ្លេចនូវទឹកចិត្តដ៏មានមេត្តាករុណារបស់លោកទាំងទ្វេដែលមានចំពោះកូនចៅ ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងមូលបានជាដាច់ខាត ។ កូនចៅសូមលើកហត្ថប្រណមបួងសួងដល់ទេវតាទិសទាំងប្រាំបី និងវត្ថុសក្តសិទ្ធលើសកលលោក មេត្តាយាងមកប្រោះព្រំពរជ័យសិរីមង្គលដល់សម្តេចទាំងទ្វេបានប្រកបដោយសុខៈ ពលៈ មាំមួនភ្លឺថ្លា ព្រះជន្មយឺនយូរវស្សាប្រកបដោយបារមីខ្ពស់ ឈ្នះពួកអមិត្ត អរូបទាំងអស់ និងនៅតែជាម្លប់ដ៏ត្រជាក់សុខសាន្តដល់កម្ពុជារដ្ឋរហូតតរៀងទៅនាងខ្ញុំសូមជូនពរដល់បងប្អូន ពូមីង ពុកម៉ែ ជាប្រិយមិត្ត និងហ្វ៊ែនសំលាញ់ទាំងអស់របស់អាយដល បានសុខសប្បាយ សុភមង្គល និងបានរួចផុតពីមេរោគ Covid -19 នេះទាំងអស់គ្នា

ពេជ្ជតាសូមផ្ញើនូវមហាកិត្តិយស និងមគ្គផលនេះជូនដល់បងប្អូន ទស្សនិកជន និងហ្វ៊ែនៗទាំងអស់ផង៕

អត្ថបទ៖ បងម៉េង ខ្មែរណូ

Share This Post: