លោកយាយវ័យ ១០២ឆ្នាំម្នាក់នេះ ជាជនជាតិសាំងហ្គាពួរចំណាស់បំផុត ដែលបានជាសះស្បើយពីវីរុសកូវីដ១៩
យោងតាមការចុះផ្សាយរបស់ Straits Times កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ម្សិលមិញនេះថា លោកយាយម្នាក់ដែលមានអាយុ ១០២ឆ្នាំ បានជាសះស្បើយពីវីរុស COVID-19 ហើយគាត់គឺជាជនជាតិសាំងហ្គាពួរចំណាស់ជាងគេបំផុត ដែលបានយកឈ្នះវីរុសរាតត្បាតជាសកលមួយនេះ។ លោកយាយត្រូវបានគេនិយាយថា ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សចំណាស់ជាច្រើនដែលបានឆ្លងវីរុសចេញពីកន្លែងថែទាំចាស់ជរា ដែលកាលនោះ (អំឡុងខែមេសា) វាបានឈានទៅដល់ការហាមឃាត់មិនឱ្យមានការទៅលេងចាស់ជរានៅឯកន្លែងថែទាំនោះទេ។

លោកយាយមានឈ្មោះថា Yap Lay Hong ហើយគាត់គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១៦នាក់ ដែលបានឆ្លងវីរុស COVID-19 ចេញពីផ្ទះថែទាំចាស់ជរា Lee Ah Mooi។ គាត់ត្រូវបានគេឱ្យដឹងថា បានជាសះស្បើយនិងរំសាយពីមន្ទីរពេទ្យកាលពីម្សិលមិញផ្ទាល់ ហើយអ្នកថែទាំរបស់គាត់នៅ Lee Ah Mooi ក៏បានសម្ដែងការត្រេកអរដែលលោកយាយបានត្រឡប់មកមានសុខភាពល្អវិញ។ រំលឹកដែរថា COVID-19 មានហានិភ័យខ្ពស់ខ្លាំងណាស់សម្រាប់អ្នកមានអាយុលើសពី ៨០ឆ្នាំ ដូច្នេះវាគឺជារឿងកម្រមួយដែលគាត់អាយុ ១០២ឆ្នាំ អាចជាឡើងវិញបាន។ រឿងរ៉ាវរបស់គាត់ជាពន្លឺនៃក្ដីសង្ឃឹមសម្រាប់គ្រប់គ្នា ក្នុងការចូលរួមយកឈ្នះវីរុសដ៏កាចសាហាវមួយនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Straits Times