ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    សាំងហ្គាពួរថ្ងៃនេះរកឃើញករណីថ្មីចំនួន ៥៧៣នាក់ ហើយមានតែ ៥នាក់ប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ

    BY autoadmin May 4, 2020
    សាំងហ្គាពួរថ្ងៃនេះរកឃើញករណីថ្មីចំនួន ៥៧៣នាក់ ហើយមានតែ ៥នាក់ប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ

    ក្រសួងសុខាភិបាលសាំងហ្គាពួរបានបញ្ជាក់ជាបឋមនូវករណី COVID-19 ថ្មីចំនួន ៥៧៣ ករណី គិតត្រឹមថ្ងៃច័ន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ដែលនាំឱ្យចំនួនសរុបបានកើនឡើងដល់ ១៨,៧៧៨ករណី។ នេះជាថ្ងៃទី១១ហើយ ដែលករណីប្រចាំថ្ងៃថ្មីនៅសាំងហ្គាពួរ ស្ថិតនៅក្រោម ១,០០០នាក់។ ក្នុងចំណោមករណីថ្មីៗនេះ មានជនជាតិសាំងហ្គាពួរ ឬអ្នកស្នាក់នៅអចិន្ត្រៃយ៍តែ ៥នាក់ប៉ុណ្ណោះ ខណៈដែលពលករចំណាកស្រុកស្នាក់នៅក្នុងអន្តេវាសិកដ្ឋាន នៅតែបន្តកើនឡើងឥតឈប់ឈរ។ ក្រសួងបាននិយាយថា ព័ត៌មានលម្អិតនឹងត្រូវផ្សាយជូននៅពេលក្រោយនៅយប់ថ្ងៃច័ន្ទ។

    កាលពីចុងសប្តាហ៍រដ្ឋាភិបាលបានប្រកាសផែនការបន្ធូរបន្ថយការរឹតត្បឹតមួយចំនួន ដែលបានធ្វើឡើងក្នុងអំឡុងពេលបិទទ្វាររបស់សាំងហ្គាពួរ ប៉ុន្តែវិធានការណ៍ដែលគ្រោងនឹងផុតនៅថ្ងៃច័ន្ទនេះ នឹងបន្តរយៈពេលមួយសប្តាហ៍ទៀត។ អាជីវកម្មមួយចំនួនដូចជា៖ ជាងកាត់សក់ អាជីវកម្មនៅផ្ទះ និងសេវាកម្មបោកគក់ នឹងត្រូវបានអនុញ្ញាតឱ្យបើកជាបណ្តើរៗចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០តទៅ។ ការផ្លាស់ប្ដូរនេះកើតឡើងនៅពេលដែលរដ្ឋាភិបាលមួយចំនួននៅលើពិភពលោកបានចាប់ផ្តើម ឬចាត់វិធានការ លើផែនការបន្ធូរបន្ថយការរឹតត្បឹត គោលបំណងដើម្បីស្តារសេដ្ឋកិច្ចរបស់ពួកគេឡើងវិញ ចំពេលមានក្តីបារម្ភថាការផ្លាស់ប្តូរបែបនេះអាចនឹងបង្កជាហេតុ និងបណ្តាលឱ្យកើតមានករណីថែមទៀត៕

    អត្ថបទ៖​ លីដា
    ប្រភព៖Straits Times

    Share This Post: