ប្រទេសថៃថ្ងៃនេះរកឃើញករណីកូវីដ១៩ ថ្មីតែ ១គត់ ហើយអ្នកសង្ស័យទាំង ៤០នាក់ ពីម្សិលមិញនេះ លទ្ធផលចេញមកថ្មីគឺអវិជ្ជមាន
យោងតាមការចុះផ្សាយរបស់ បាងកកប៉ុស្ដិ៍ នៅថ្ងៃអង្គារ ទី០៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃរកឃើញករណីថ្មីតែ ១ ប៉ុណ្ណោះ និងមិនមានអ្នកស្លាប់បន្ថែមនោះទេ ដែលនាំឱ្យចំនួនសរុបនៅក្នុងប្រទេសថៃមានដល់ ២,៩៨៨ នាក់ និងអ្នកស្លាប់នៅតែ ៥៤នាក់ដដែល។ ករណីមានតែម្នាក់នេះ បានបង្ហាញពីការធ្លាក់ចុះយ៉ាងច្រើនបើប្រៀបពីថ្ងៃច័ន្ទ ដោយម្សិលមិញមានការឆ្លងចំនួន ១៨ករណី ហើយនេះជាចំនួនប្រចាំថ្ងៃទាបបំផុតចាប់តាំងពីថ្ងៃទី០៩ ខែមីនា។

មុននេះបន្ដិចថៃបានប្រកាសថា ការធ្វើតេស្តលើកទី២ លើអ្នកសង្ស័យមកពីខេត្តយ៉ាឡាចំនួន ៤០នាក់ ដែលធ្លាប់ត្រូវបានគេសង្ស័យថាឆ្លងវីរុស COVID-19 គឺអវិជ្ជមាននោះទេ។ ការធ្វើតេស្ដលើកទី២ គឺដោយសារក្រសួងសុខាភិបាលចង់បញ្ជាក់ឱ្យច្បាស់ថា តើពួកគេពិតជាវិជ្ជមានមែនឬអត់? ដោយសារការធ្វើតេស្ដដំបូងគឺធ្វើនៅខេត្តនោះទេ។ ក្រសួងសុខាភិបាលក៏កំពុងធ្វើតេស្ដបន្ថែមលើដំណើរការនេះដែរ។
លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 បាននិយាយថា ករណីថ្មីតែម្នាក់នេះគឺជា បុរសថៃអាយុ ៤៥ឆ្នាំ នៅខេត្ត Narathiwat ជាប់ព្រំដែនភាគខាងត្បូង ហើយគាត់ក៏មានជំងឺទឹកនោមផ្អែមជាប់ខ្លួនផងដែរ។ កាលពីថ្ងៃទី២៥ ខែមេសា គាត់បានធ្លាក់ខ្លួនឈឺដោយមានក្អក គ្រុនក្តៅ ហៀរសំបោរ ឈឺបំពង់ក និងដង្ហើមខ្លីៗ។ គាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺរលាកសួតនៅមន្ទីរពេទ្យក្នុងតំបន់ ហើយត្រូវបានគេធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 កាលពីថ្ងៃច័ន្ទ៕



អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍