មិនមែនតែសាំងហ្គាពួរទេ ជប៉ុនពេលនេះក៏ព្រមប្រើ Remdesivir ក្នុងការតេស្ដព្យាបាលវីរុសកូវីដ១៩ ដែរ
បើតាមការចុះផ្សាយរបស់ The Japan News រដ្ឋមន្រ្តីក្រសួងសុខាភិបាលជប៉ុនគ្រោងនឹងអនុម័ត Remdesivir ដែលជាថ្នាំមានសក្តានុពលដើម្បីព្យាបាលអ្នកកើតវីរុស COVID-19 នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីទទួលបានការគាំទ្រពីក្រុមប្រឹក្សា។ រដ្ឋមន្រ្តីក្រសួងសុខាភិលោក Katsunobu Kato បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍ថា៖«យើងនឹងអនុម័តថ្នាំយ៉ាងឆាប់រហ័សបំផុត ប្រសិនបើយើងទទួលបានការយល់ព្រម» ពីក្រសួងកិច្ចការឱសថនិងក្រុមប្រឹក្សាអនាម័យចំណីអាហារ។

បន្ទាប់ពី Remdesivir ត្រូវបានអនុម័តដោយអាជ្ញាធរបទប្បញ្ញត្តិសហរដ្ឋអាមេរិក ក្រសួងជប៉ុនគ្រោងនឹងពិនិត្យឡើងវិញនូវថ្នាំប្រឆាំងវីរុសនេះ ដែលដើមឡើយត្រូវបានបង្កើតជាថ្នាំព្យាបាលជំងឺអេបូឡា ដើម្បីប្រើវាសម្រាប់អ្នកឆ្លងវីរុស COVID-19 ដែលជាជំងឺដែលបង្កឡើងដោយក្រុមវីរុសកូរ៉ូណា។ លោក Kato មានប្រសាសន៍ថា៖«យើងចង់ឱ្យថ្នាំនេះប្រើសម្រាប់អ្នកដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរឱ្យបានឆាប់បំផុត»។ ចំណែកថ្នាំ Avigan ដែលជាថ្នាំប្រឆាំងជំងឺផ្តាសាយក៏ត្រូវបានគេមើលឃើញថា ជាការព្យាបាលដ៏មានសក្តានុពលសម្រាប់អ្នកជំងឺ COVID-19 ផងដែរ ហើយជប៉ុនក៏គ្រោងនឹងចែកថ្នាំនេះ FREE ទៅឱ្យពិភពលោកដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ The Japan News