សាំងហ្គាពួររកឃើញករណីថ្មីនៃវីរុសកូវីដ១៩ ចំនួន ៧៤១នាក់បន្ថែមទៀត ហើយអ្នកស្លាប់បានកើនដល់ ២០នាក់
សាំងហ្គាពួរបានរាយការណ៍ជាបឋមនូវករណីថ្មីចំនួន ៧៤១ ករណី នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែឧសភា ឆ្នាំ២០២០ ដែលនាំឱ្យចំនួនសរុបរបស់ប្រទេសនេះមានដល់ទៅ ២០ ៩៣៩ ករណី។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ភាគច្រើននៃអ្នកទាំងនេះគឺជាអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ មានតែ ៥ ករណី ប៉ុណ្ណោះដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។ ក្រសួងបាននិយាយថា ព័ត៌មានលម្អិតនឹងត្រូវបានចែករំលែកនៅពេលក្រោយ។

ច្រើនជាង ៤ សប្តាហ៍កន្លងផុតទៅហើយ ចាប់តាំងពីសាំងហ្គាពួរបានដាក់ចេញវិធានការរក្សាគម្លាតប្រកបដោយសុវត្ថិភាព ដែលជាផ្នែកមួយនៃការរឹតត្បឹត ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ។ កាលពីថ្ងៃពុធចំនួនករណីនៅក្នុងប្រទេសសាំងហ្គាពួរ បានឈានដល់ចំនួន ២០ ០០០ ករណី ហើយក៏មានការស្លាប់បន្ថែម ២នាក់ផងដែរ ដែលនាំឱ្យការស្លាប់សរុបកើនដល់ ២០នាក់។ សាំងហ្គាពួរក៏មានបំណងបើកសេដ្ឋកិច្ចវិញដែរ ប៉ុន្តែថ្លែងនៅក្នុងសភាកាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Gan Kim Yong បានដាក់ចេញនូវកត្តាថ្មីៗមួយចំនួន មុនពេលវិធានការណ៍រឹតត្បឹតនានាត្រូវបន្ធូរបន្ថយ៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia