សូមចូលរួមសោកស្ដាយ! អតីតអ្នកការទូត និងទីប្រឹក្សាអតីតនាយករដ្ឋមន្រ្តីជប៉ុនលោក Yukio Okamoto បានទទួលមរណភាពដោយសារវីរុសកូវីដ១៩
អតីតអ្នកការទូតលោក Yukio Okamoto ដែលជាទីប្រឹក្សាមួយរូបរបស់នាយករដ្ឋមន្រ្តី និងជាអ្នកជំនាញខាងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបានទទួលមរណភាពកាលពីចុងខែមុន បន្ទាប់ពីឆ្លងវីរុស COVID-19 ប៉ុន្តែអ្នកនាំពាក្យរបស់គាត់ទើបតែប្រកាសនៅថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០។ បន្ទាប់ពីចូលនិវត្តន៍ពីក្រសួងការបរទេសក្នុងឆ្នាំ១៩៩១ លោក Yukio Okamoto អាយុ៧៤ឆ្នាំរូបនេះ បានបម្រើការជាទីប្រឹក្សារបស់លោក Ryutaro Hashimoto ដែលជាអតីតនាយករដ្ឋមន្រ្តី ស្តីពីបញ្ហាទាក់ទងនឹងខេត្តអូគីណាវ៉ា ដែលជាទីតាំងឈរជើងរបស់កងទ័ពសហរដ្ឋអាមេរិកនៅប្រទេសជប៉ុន។

លោកក៏ជាទីប្រឹក្សាដល់លោកនាយករដ្ឋមន្រ្តី Junichiro Koizumi ពីឆ្នាំ ២០០១-២០០៤ និងជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានបច្ចេកវិទ្យាសម្រាប់មជ្ឈមណ្ឌលសិក្សាអន្តរជាតិនៅរដ្ឋ Massachusetts ។ នៅក្នុងសេចក្តីអត្ថាធិប្បាយទៅកាន់ទូរទស្សន៍សាធារណៈ NHK អតីតមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Richard Armitage បានហៅលោក Yukio Okamoto ថាជាមនុស្សសំខាន់មួយក្នុងចំណោមអ្នកដែលពាក់ព័ន្ធនឹងកិច្ចការអាមេរិក-ជប៉ុន និងជាអ្នកស្នេហាជាតិពិត។ នេះជាការភ្ញាក់ផ្អើល និងគួរឱ្យសោកស្ដាយមួយ ពិសេសគឺដោយសារវីរុ COVID-19ផងនោះ៕


អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ