ប្រទេសថៃថ្ងៃនេះមានអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨នាក់ នាំឱ្យករណីសរុបមានគ្រប់ ៣,០០០នាក់
យោងតាមការចុះផ្សាយរបស់ The Nation Thailand សម្រាប់ថ្ងៃសុក្រ ទី០៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសថៃពេលនេះមានករណីសរុបនៃវីរុស COVID-19 រហូតដល់ទៅ ៣,០០០ករណី ហើយការស្លាប់នៅតែ ៥៥ នាក់ដដែល។ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ COVID-19 (CCSA) របស់រដ្ឋាភិបាលបាននិយាយថា ប្រទេសថៃនៅតែរក្សានិន្នាការតួលេខមួយខ្ទង់ ដោយថ្ងៃនេះមានករណីវីរុស COVID-19 ថ្មីចំនួន ៨នាក់ ប៉ុន្តែមិនមានអ្នកស្លាប់ថ្មីទេ។

ករណីថ្មីៗនៃវីរុស COVID-19 គឺមាន ២នាក់ ត្រូវបានរកឃើញអំឡុងពេលធ្វើតេស្តសកម្មនៅខេត្តយ៉ាឡា ពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺមុនៗដែលបានត្រឡប់មកពីប្រទេសម៉ាឡេស៊ី។ ចំណែក ៥នាក់ទៀត ជាកម្មការនីអន្តោប្រវេសន៍ (អាយុ ១៩-៣០ឆ្នាំ) រស់នៅតំបន់ដាក់នៅដោយឡែកក្នុងខេត្តសុងក្លា។ ថ្ងៃនេះផងដែរមានមនុស្ស ១២នាក់ បានជាសះស្បើយនិងបានវិលត្រឡប់ទៅផ្ទះវិញ ដោយនាំឱ្យអត្រាព្យាបាលជោគជ័យមានចំនួន ៩២.៨% ។ ចំនួនករណីសរុបនៅក្នុងប្រទេសមានចំនួន ៣,០០០ នាក់ ដោយមានតែ ១៦១ នាក់ប៉ុណ្ណោះ ដែលកំពុងស្ថិតក្រោមការព្យាបាល ហើយមនុស្ស ២,៧៨៤នាក់ បានជាសះស្បើយនិងរំសាយចេញ៕


អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand