សាំងហ្គាពួររកឃើញករណីកូវីដ១៩ ថ្មីចំនួន ៧៥៣នាក់ ដែលនាំឱ្យចំនួនសរុបមានដល់ ២២,៤៦០នាក់
សាំងហ្គាពួរបានរាយការណ៍ករណីថ្មីចំនួន ៧៥៣ ករណី គិតត្រឹមថ្ងៃសៅរ៍ ទី០៩ ខែឧសភា ដែលនាំឱ្យចំនួនសរុបរបស់ប្រទេសនេះមានដល់ទៅ ២២,៤៦០ ករណី នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។ ក្រសួងសុខាភិបាល (MOH) បាននិយាយថា ក្នុងចំណោមករណីថ្មីនេះភាគច្រើនគឺអ្នកកាន់ប័ណ្ណការងារ ដែលស្នាក់នៅក្នុងអន្តេវាសិកដ្ឋានពលករបរទេស។ មានតែ ៩ករណីប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរ ឬអ្នករស់នៅអចិន្ត្រៃយ៍។ ក្រសួងបាននិយាយថា ព័ត៌មានលំអិតបន្ថែមនឹងត្រូវចែកជូននៅពេលក្រោយ។

សាំងហ្គាពួរកំពុងតែឈានចូលដល់សប្តាហ៍ទី៦ នៃរយៈពេលនៃការរឹតត្បឹត ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 ។ បន្ទាប់ពីការធ្លាក់ចុះនៃករណី COVID-19 នៅក្នុងសហគមន៍ ប្រទេសសាំងហ្គាពួរបានបន្ធូរបន្ថយការរឹតត្បិតមួយចំនួនចាប់តាំងពីថ្ងៃទី០៥ ខែឧសភា រួមទាំងអនុញ្ញាតឱ្យប្រជាជនធ្វើលំហាត់ប្រាណនៅក្នុងតំបន់រួមនៃអគារលំនៅដ្ឋានដូចជាខុនដូឯកជនជាដើម៕


អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia