ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ នៅអាមេរិកកើនឡើងដល់ ៨០,០០០នាក់ ខណៈឆ្លងសរុប ១.៣លាននាក់
ការស្លាប់ដោយសារវីរុស COVID-19 នៅអាមេរិកមានពេលនេះកើនដល់ ៨០,០០០នាក់ គិតត្រឹមថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ខណៈដែលរដ្ឋស្ទើរតែទាំងអស់របស់អាមេរិកកំពុងចាត់វិធានការបន្ធូរបន្ថយការរឹតត្បឹតរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ CNN ។ តាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅតែអាមេរិកនៅតែបន្ដកើនឡើង ហើយអាមេរិកនៅតែជាប្រទេសដែលមានការឆ្លងនិងស្លាប់ច្រើនបំផុតនៅលើពិភពលោក។

រហូតមកទល់ពេលនេះអាមេរិកមានករណីឆ្លងវីរុស COVID-19 រហូតដល់ទៅ ១.៣លាននាក់ ប៉ុន្តែវាជាការថយចុះជាងមុនបើនិយាយពីចំនួនករណីប្រចាំថ្ងៃចាប់តាំងពីពាក់កណ្ដាលខែមេសា ហើយប្រទេសនេះក៏កំពុងតែបើកទ្វារធ្វើអាជីវកម្ម និងធ្វើការឡើងវិញជាបណ្ដើរៗផងដែរ។ ចំណែកករណីសរុបនៅទូទាំងពិភពលោកគឺមានច្រើនជាង ៤.២៥នាក់ ខណៈស្លាប់សរុបជាង ២៨៧,០០០ និងជាសះស្បើយចំនួនជាង ១.៥លាននាក់ នេះបើយោងតាមតួលេខរបស់ Worldometers ៕



អត្ថបទ៖ លីដា
ប្រភព៖ CNN