ប្រទេសថៃមានអ្នកឆ្លងវីរុសកូវីដ១៩ ថ្មីតែ ២ ករណី សម្រាប់ថ្ងៃអង្គារនេះ
លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពវីរុស COVID-19 បាននិយាយនៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០នេះថា ប្រទេសថៃមានករណីថ្មីនៃវីរុស COVID-19 តែ ២ករណី ដោយគ្មានអ្នកស្លាប់ថ្មីនោះទេ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ បើតាមការចុះផ្សាយរបស់ The Nation Thailand បាននិយាយថា តួលេខចុងក្រោយនេះនាំមកនូវចំនួនសរុប ៣,០១៧នាក់ និងស្លាប់ ៥៦នាក់។

ករណីទាំង ២ នេះបានកើតឡើង បន្ទាប់ពីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងករណីមុនៗ។ អ្នកទាំង២ មានម្នាក់ជានារីវ័យ ១៩ឆ្នាំ នៅទីក្រុងបាងកក និងស្ត្រីម្នាក់ទៀតមានអាយុ ៥១ឆ្នាំ នៅ Narathiwat ដែលជាមេដោះ ហើយអ្នកទាំង ២ មានសមាជិកគ្រួសារឆ្លងវីរុស COVID-19។ ក្នុងចំណោមករណីសរុបចំនួន ៣,០១៧ នៅក្នុងប្រទេស មានករណីចំនួន ១៦៣ កំពុងទទួលការព្យាបាល និងករណីចំនួន ២,៧៩៨ បានជាសះស្បើយនិងត្រូវបានរំសាយចេញ ខណៈមានមនុស្ស ៥៦នាក់ បានស្លាប់៕



អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand