ព្រឹកនេះ កម្ពុជានៅតែបន្តមិនមានអ្នកវិជ្ជមានថ្មី រីឯអ្នកជំងឺនៅសល់០១នាក់ប៉ុណ្ណោះ
ភ្នំពេញ៖ មុននេះបន្តិចក្រសួងសុខាភិបាលបានប្រកាសដំណឹងពីស្ថានភាពអ្នកជំងឺកូវីដនៅកម្ពុជា ដែលព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នេះក្រសួងសុខាភិបាល បានឲ្យដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ថ្មីឡើយ ហើយក៏គ្មានអ្នកជាសះស្បើយថ្មីដែរ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយនៅត្រឹម១២១នាក់ដដែល ហើយចំនួនអ្នកកំពុងសម្រាកព្យាបាលនៅសល់០១នាក់ប៉ុណ្ណោះ រីឯអ្នកមានវីរុសកូវីដ១៩ ដែលបានរកឃើញទាំងអស់ រាប់ទាំងអ្នកដែលបានព្យាបាលជាសះស្បើយ និងអ្នកកំពុងព្យាបាល នៅទូទាំងប្រទេសសរុបមានចំនួន ១២២នាក់ដដែល។

គួរបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចផ្អាកអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្នទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៥ មីនា ២០២០ រហូតដល់មានការជូនដំណឹងជាថ្មី និងបាន ប្រកាសអោយសាលាទូទាំងប្រទេស និងគ្រប់កម្រិតសិក្សាអនុវត្តវិស្សមកាលតូចមុនកាលកំណត់ បិទ KTV រោងកុន ក្លឹបកំសាន្ត ហាមមិនអោយមានការជួបជុំរៀបចំពិធីសាសនាផ្សេងៗ បិទកាស៊ីណូ និងផ្អាកការនាំចេញអង្ករ ស និងស្រូវ ទៅក្រៅប្រទេសដើម្បីទុកផ្គត់ផ្គង់ក្នុងស្រុក ហើយរដ្ឋាភិបាលក៏បានសម្រេចផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំ និងតម្រូវអោយបុគ្គលិកស្ថាប័នរដ្ឋនិងឯកជន ធ្វើការធម្មតា ដោយនឹងលើកថ្ងៃឈប់ទៅពេលក្រោយវិញ៕
