ប្រទេសថៃរកឃើញថ្ងៃល្អបំផុតរបស់ខ្លួន ដោយថ្ងៃនេះគ្មានករណីថ្មីនៃអ្នកឆ្លងវីរុសកូវីដ១៩ នោះទេ
លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 របស់រដ្ឋាភិបាលបាននិយាយនៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះថា ប្រទេសថៃមិនមានករណីថ្មីនៃវីរុស COVID-19 នោះទេក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ហើយក៏មិនមានការស្លាប់ណាមួយឡើយ។ យោងតាមការចុះផ្សាយរបស់ Nation Thailand បានឱ្យដឹងថា នេះជាថ្ងៃល្អបំផុតសម្រាប់ប្រទេសថៃ ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុស COVID-19។

លោក Taweesin Visanuyothin បានមានប្រសាសន៍ថា៖«នេះជាលើកទី១ហើយដែលមិនមានករណីថ្មីណាមួយ ចាប់តាំងពីយើងបានចាប់ផ្តើមរបាយការណ៍ COVID-19 ប្រចាំថ្ងៃ។ វាជាលទ្ធផលល្អបំផុតដោយសារមានកិច្ចសហប្រតិបត្តិការពីប្រជាជន ប៉ុន្តែយើងមិនគួរធ្វើឱ្យប្រហែសឡើយ។ យើងនៅតែត្រូវប្រយ័ត្នប្រយែង»។
ទន្ទឹមនឹងនេះដែរមនុស្សចំនួន ៤៦នាក់បន្ថែមទៀត បានជាសះស្បើយនិងវិលត្រឡប់ទៅផ្ទះវិញ ដោយបង្កើនភាគរយនៃការជាសះស្បើយរបស់អ្នកជំងឺដល់ ៩៤.២៧%។ គិតត្រឹមថ្ងៃទី១៣ ខែឧសភា ចំនួនករណីដែលត្រូវបានបញ្ជាក់សរុបរបស់ថៃមានចំនួន ៣,០១៧នាក់ ហើយនៅសល់តែ ១១៧នាក់ ដែលកំពុងស្ថិតក្រោមការព្យាបាល។ ក្នុងនោះមានអ្នកជំងឺសរុប ២,៨៤៤នាក់ បានជាសះស្បើយនិងត្រូវបានរំសាយចេញ ខណៈមានអ្នកស្លាប់ចំនួន ៥៦នាក់៕


អត្ថបទ៖ លីដា
ប្រភព៖ Nation Thailand