សាំងហ្គាពួររកឃើញករណីថ្មីនៃវីរុសកូវីដ១៩ ចំនួន ៦៧៥ករណី ដែលនាំឱ្យចំនួនសរុបកើនដល់ ២៥,៣៤៦នាក់
យោងតាមការចុះផ្សាយរបស់ The Straits Times បានឱ្យដឹងថា ក្រសួងសុខាភិបាលសាំងហ្គាពួរបានបញ្ជាក់ជាបឋមនូវករណីថ្មីនៃវីរុស COVID-19 ចំនួន ៦៧៥ករណី សម្រាប់ថ្ងៃពុធ ទី១៣ ខែឧសភា ដែលឱ្យករណីសរុបមានចំនួន ២៥,៣៤៦ករណី។ ក្នុងចំណោមអ្នកទាំងនោះមានតែ ២នាក់ប៉ុណ្ណោះ ដែលជាជនជាតិសាំងហ្គាពួរឬអ្នកស្នាក់នៅអចិន្ត្រៃយ៍ ហើយក្រៅពីនោះគឺជាពលករបរទេសដែលរស់នៅក្នុងអន្តេវាសិកដ្ឋាន។

កាលពីយប់ថ្ងៃអង្គារក្រសួងសុខាភិបាលបាននិយាយថា ចំនួនអ្នកជំងឺ COVID-19 ដែលត្រូវបានរំសាយចេញពីមន្ទីរពេទ្យ ឬសហគមន៍ដាច់ដោយឡែក មានចំនួន ៦២៦នាក់ ដែលវាជាកម្រិតខ្ពស់ប្រចាំថ្ងៃថ្មីមួយ ហើយកម្រិតខ្ពស់ពីមុនគឺ ៥០៤នាក់ កាលពីថ្ងៃច័ន្ទ។ គិតមកទល់ពេលនេះមានអ្នកជំងឺចំនួន ៣,៨៤២នាក់ បានជាសះស្បើយឡើងវិញចាប់តាំងពីករណីដំបូងត្រូវបានគេរាយការណ៍ កាលពីថ្ងៃទី២៣ ខែមករា។ យ៉ាងណាក៏ដោយក្រសួងបានបន្ថែមថា ព័ត៌មានលម្អិតនឹងត្រូវផ្សាយជូននៅពេលក្រោយនៅរាត្រីថ្ងៃពុធ៕



អត្ថបទ៖ លីដា
ប្រភព៖ The Straits Times